បុណ្យនៅលើផ្ទះ កូនទៅរកឯណា
ដើមបុណ្យលើផ្ទះ កូនកើតទាន់ព្រះកន្លោងគង់នៅ បានត្រីត្រកាល កាត់ក្បាលឲ្យឪ កណ្ដាលនាំទៅ យកបុណ្យឯវត្ត ។ កណ្ដាលសុទ្ធខ្លាញ់ សាច់ពោះពងឆ្ងាញ់ ធ្មេញលោកចុកមាត់ ម៉ែឪជរា ទន្តាបាក់ម៉ត់ ទុកក្បាលឲ្យគាត់ ក្បាលសុទ្ធតែឆ្អឹង ។ (១) ឯរូបខាងលើ ប្រៀបធៀបទង្វើ ឲ្យយើងបានដឹង បានយល់បានគិត ពិនិត្យសញ្ជឹង ដូចនេះគួរប្រឹង ទាន់លោកនៅរស់ ។ កុំចាំគាត់ស្លាប់ ទើបរៀបរណ្ដាប់ សែនផ្ញើហៅឈ្មោះ មាន់ស្ងោជ្រូកខ្វៃ ពីរបីប៉ោងពោះ រួចស៊ីជំនួស សប្បាយគ្នាឯង ។ (១) អត្ថបទកាព្យ របស់លោកតា អ៊ូ ចុង ។ ០១ មេសា ២០១៦ ស៊ូ ខេមរិន្ទ