បទបរិយាយថ្ងៃនេះ៖ "ជាន់កគេ តែលានអណ្តាតខ្លួនឯង"
ជំរុំទេវតា សុខចិត្តឈ្នះចិត្តមនុស្សបួនដប់នាក់ ជាជាងឈ្នះចិត្តរាស្ត្រទាំងនគរ។ ការសម្លុត ប្រមាថ គម្រាមកំហែង ដាក់គុក និងសម្លាប់ អ្នកដែលហ៊ាននិយាយការពិត ឬប្រឆាំងខ្លួន គឺក្នុងគោលបំណងកុំឱ្យអ្នកដទៃទៀត និងរាស្ត្រទាំងនគរ ហ៊ាននិយាយការពិតអំពីកំហុសរាប់មិនអស់ និងងើបឡើងប្រឆាំងនឹងក្រុមខ្លួន។
ការគម្រាមកំហែងលោក ជុន ច័ន្ទបុត្រ ដែលរាស្ត្រស្ទើរទាំងនគរចាត់ទុកថាជាវីរជនឆ្នើមម្នាក់របស់ពួកគេនោះ មិនខុសពីការជាន់កលោក ជុន ច័ន្ទបុត្រ តែលានអណ្តាតជំរុំទេវតានោះឡើយ។ លោកអាចនឹងជាប់គុក ឬមិនអាចរស់នៅក្នុងស្រុកខ្មែរដើម្បីដឹកនាំការផ្សាយអំពីការបោះឆ្នោតខាងមុខ ដូចបំណងរបស់ជំរុំទេវតា ដែលមិនចង់ឱ្យអ្នកមានឥទ្ធិពលណាម្នាក់នៅឃ្លាំមើលការបោះឆ្នោតនេះ។
តែជំរុំទេវតាភ្លេចថា អ្នកដែលរាស្ត្រកាន់តែស្អប់ គឺជំរុំទេវតា ហើយរាស្ត្រមានហេតុផលគ្រប់គ្រាន់ក្នុងការសម្រេចចិត្តសម្រាប់ការបោះឆ្នោត។
ច្បាំងឈ្នះគ្រប់សមរភូមិ មិនប្រាកដថាខ្លាំង និងឈ្នះរហូតនោះទេ!
ការសុខចិត្តឈ្នះចិត្តខ្លួនឯង ជាជាងឈ្នះចិត្តអ្នកដទៃ ទើបជាអ្នកឈ្នះពិតប្រាកដ។ ៚