បច្ចេកទេសបង្កាត់ពូជរុក្ខជាតិដោយមិនប្រើគ្រាប់
ការបង្កាត់ពូជរុក្ខជាតិមានសារៈសំខាន់ណាស់សម្រាប់កសិករក្នុងការដាំដុះដំណាំហូបផ្លែផ្សេងៗ។ ការប្រើប្រាស់វិធីសាស្ត្របង្កាត់ដោយមិនប្រើគ្រាប់ ដូចជាការបំបៅ ការតខ្នែង ឬការតមែក ជួយឱ្យយើងចំណេញពេលវេលា និងឆាប់ទទួលបានទិន្នផលខ្ពស់។
១. វិធីសាស្ត្រ "បំបៅមែក"
ការបំបៅមែក គឺជាការបង្កាត់ពូជដោយប្រើមែកផ្ទាល់របស់រុក្ខជាតិ ដែលមានដំណាក់កាលដូចខាងក្រោម៖
1
ជ្រើសរើសមែកដែលល្អ មិនចាស់ពេក គ្មានរោគ ឬសត្វបំផ្លាញ និងទទួលបានពន្លឺថ្ងៃគ្រប់គ្រាន់។
2
កាត់សំបកជុំវិញមែកប្រវែង ១ ថ្នាំងដៃ រួចកោសសម្អាតឱ្យស្អាត។
3
យកស្រកីដូងដែលត្រាំទឹកពូតឱ្យសើមល្មម ដាក់ក្នុងថង់ រួចយកទៅរុំឱ្យជិតត្រង់កន្លែងដែលបានកាត់សំបក។
4
ស្រោចទឹកជាប្រចាំ។ នៅពេលដុះឫសពណ៌លឿងត្នោត (ប្រហែល ១-២ ខែ) ទើបអាចកាត់បាន។
5
យកមែកទៅផ្សាំក្នុងម្លប់ ១-២ ខែបន្ថែមទៀត មុននឹងនាំយកទៅដាំក្នុងដី។
២. វិធីសាស្ត្រ "តមែក"
ការតមែក គឺជាការយកមែកពូជល្អមកតភ្ជាប់នឹងដើមដទៃ ដើម្បីប្តូរពូជឱ្យកាន់តែប្រសើរឡើង។ វិធីសាស្ត្រដែលនិយមបំផុតគឺ ការតមែកបែបសម្រួចភ្ជាប់៖
1
កាត់ដើមបង្គោលឱ្យសល់ប្រវែង ៤ ថ្នាំងដៃ រួចពុះកណ្តាលឱ្យជ្រៅប្រហែល ២ ថ្នាំងដៃ។
2
នាំយកមែកពូជល្អមកសម្រួចជារាងសំប៉ែត ប្រវែង ២ ថ្នាំងដៃ។
3
ដោតមែកពូជចូលក្នុងដើមបង្គោលឱ្យណែន រួចយកខ្សែចងឱ្យជិតទាំងលើ និងក្រោម។
4
យកថង់ប្លាស្ទិកមកគ្របឱ្យជិត រួចយកទៅទុកក្នុងម្លប់។
ចំណាំ៖ ប្រសិនបើដើមស្ថិតនៅកណ្តាលថ្ងៃ ក្រោយគ្របថង់ប្លាស្ទិកហើយ ត្រូវគ្របដោយក្រដាសមួយជាន់ទៀត ដើម្បីការពារកុំឱ្យកម្តៅថ្ងៃចូលខ្លាំងពេក។
ក្រោយរយៈពេល ១៥-២០ ថ្ងៃ នៅពេលឃើញស្លឹកថ្មីដុះចេញមក គួរដកថង់ប្លាស្ទិកចេញ។
អត្ថបទដោយ៖ លោក ញឹប សុខឡា