អាថ៌កំបាំង​អំពីរឿង ថាសហោះ និង មនុស្ស​ក្រៅភព​​ត្រូវបាន​អតីត​អ្នក​ស៊ើបការណ៍​សម្ងាត់ K.G.B របស់​រុស្ស៊ី​ទម្លាយ​អោយដឹង

ការមិន​ព្រម​ទទួល​បែបនេះ​ក៏​អាច​ទស្សន៍ទាយ​បាន​ថា ប្រទេស​ខ្លះ​ឈានដល់​ការបញ្ចេញ​ព័ត៌មាន​ពី​ការប្រទះឃើញ​មនុស្ស​ភព​ផ្កាយ ដើម្បី​បង្វែរ​ការចាប់អារម្មណ៍​ពី​គ្រោង​ការផលិត​អាវុធ​សម្ងាត់​ដល់​កំពូល​ដូចជា ការផលិត​យន្ត​ទំនើប​បំផុត​ដែល​ហៅថា ស្តែ​ល​ថ៍ មាន​ស្លាប​បី​ជ្រុង​ជាដើម ។ ទោះបីយ៉ាងណា​ក៏ដោយ ក្នុងចំណោម​ព័ត៌មាន​ល្បី​រន្ទឺ​រទាំង​ព័ត៌មាន​ពិត និង​ព័ត៌មាន​បង្វែងដាន សុទ្ធ​តែមាន​ភស្តុតាង​យ៉ាង​ជាក់ស្ដែង​ចេញពី​សំណុំ​គ្រោងការ​អាថ៌កំបាំង​តាម​ប្រមាញ់​រក UFO (​ថាសហោះ​នោះ​និង មនុស្ស​ភព​ផ្កាយ )​ទាំងអស់ ។​

​ព័ត៌មាន​រូបភាព​ដែល​របូត​ធ្លាយ​ចេញមក​សុទ្ធ​តែមាន​ហេតុផល​២-៣​ចំណុច គឺ​ក្រុមមន្ត្រី​ជាន់ខ្ពស់ មិន​ចង់​ឲ្យ​ប្រជាជន​ងប់​ង​ល់​នឹង​ព័ត៌មាន​នេះ​ជ្រុល​ហួសហេតុ​ពេក ចំណុច​បន្តម​កទៀត​ជា​ការលក់​ព័ត៌មាន និង​ចំណុច​ទី​៣ បើក​បង្ហើប​ព័ត៌មាន​ព្រោះតែ​ចង់​ល្បី ។ ដោយសារ​ព័ត៌មាន​អស់ទាំង​នេះឯង បានធ្វើ​ឲ្យ​អ្នក​ចាប់អារម្មណ៍ UFO អាច​មើលឃើញ​ពី​តម្រុយ​វត្ថុ​ដែល​គេ​ហៅថា វត្ថុ​មានជីវិត​នៅក្រៅ​ពិភពលោក (Extre-terres Trial) ឬ UFO នោះ មិនមែនជា​រឿង​ដែល​បំភ័ន្ត​ភ្នែក​គ្នា​តទៅទៀត​នោះទេ ។


​នៅក្នុង​រូបភាព គឺជា​ភស្តុតាង​មួយទៀត​ដែល​បាន​ធ្លាយ​ចេញពី​សំណុំ​អាថ៌កំបាំង​នៃ​ផ្នែក​ស៊ើប​ការសម្ងាត់​រុស្ស៊ី​ដែល​ហៅ​កាត់​ថា កា​.​សេ​.​បេ កាលពី​អតីត ។ វា​ជា​រូបភាព​យានអវកាស​២​គ្រឿង ថត​បាន​នៅពេល​យប់ ដែល​ក្រុម​អ្នកជំនាញ​អះអាងថា​ពិតជា​យាន UFO ។ យាន​ទី​១ មាន​រាង​ជា​ត្រីកោណ និង​យាន​មួយទៀត​កំពុងតែ​បញ្ចេញ​ពន្លឺ​ពណ៌​ស​ពី​បាត​ពោះ​យាន ខណៈពេល​ហោះ​សំកាំង ។​រូបភាព​ទាំង​២​នេះ​ត្រូវបាន​គេ​រក្សាទុក​នៅក្នុង​សំណុំ​ឯកសារ​សម្ងាត់​របស់ កា​.​សេ​.​បេ ដែលមាន​ឈ្មោះថា​”​សំណុំ​អាថ៌កំបាំង​ព្លូ​ហ្វូ​ដឺ​រ៍ ។ នេះ​គឺជា​ផល​ការងារ​ខ្លះ ដែល​កើតមាន​ក្នុងអំឡុង​សង្គ្រាមត្រជាក់​រវាង​សហរដ្ឋអាមេរិក និង​រុស្ស៊ី​ដែល​ភាគី​នីមួយៗ​លួចលាក់​សាង​អាវុធ​សម្ងាត់​តាម​ស្វែងរក​ថាសហោះ ដើម្បី​ចម្លង​យក​បច្ចេកវិទ្យា​ជាន់ខ្ពស់​នោះ ។

សង្គ្រាមត្រជាក់​ដែល​បាន​បញ្ចប់ទៅ​កាលពី​ឆ្នាំ​១៩៩១​នោះ នរណាៗ​ក៏បាន​ដឹង​ដែរ​ថា វា​ជា​សង្គ្រាម​ដែល​វាស់​ពី​ភាព​ឈ្នះ​ចាញ់​តាមរយៈ​សក្តានុពល​តាម​អាវុធ​យុទ្ធ​ភ័​ណ្ឌ និង​បច្ចេកវិទ្យា ។ របាយការណ៍ និង​រូបភាព​អាថ៌កំបាំង​ខ្លះ​ពី​គ្រោងការ​ព្លូ​ហ្វូ​ដឺ​រ៍ ត្រូវបាន​លេច​ធ្លា​យមក​ក្រៅ​ក្នុង​ឆ្នាំ​១៩៩១ ដែលជា​អំឡុងពេល​អាណាចក្រ​កុម្មុយនីស្ត​សូ​វៀត​ដួលរលំ​ល្មម ។ លោក គី គ្រូ​មូ​វីដ វិស្វករ​គ្រូបង្វឹក​អ្នក​ហោះហើរ​អវកាស​រុស្ស៊ី បាន​បើក​បង្ហើប​កាលពី​ខែ​កន្លងទៅនេះ​ថា "​ឯកសារ​ដែល​ពាក់ព័ន្ធ​ជាមួយ UFO ធ្លាយ​ចេញ​កាលពី​ឆ្នាំ​១៩៩១​នោះ ភាគច្រើនៗ​គូសបញ្ជាក់​ពី​បច្ចេកវិទ្យា​ក្នុងការ​បើកបរ​យាន UFO ដែល​បាន​អភិវឌ្ឍន៍​ដល់​កំរិត​កំពូល​ទៅហើយនោះ ។ យោងតាម​រូបភាព​ទាំងពីរ​នេះ​យើង​អាច​ប្រាប់​បាន​ថា គ្រឿងយន្ត​របស់​យាន​ភព​ផ្កាយ​រីកចម្រើន​លើស​យើង​ខ្លាំងណាស់ និយាយ​ឲ្យ​ខ្លី​បើ​ប្រៀបធៀប​ជាមួយ​យើងៗ​ត្រឹមតែ​ចាប់ផ្ដើម​ប៉ុណ្ណោះ ។

គ្រូបង្វឹក​ម្នាក់នេះ​ព្រម​ទទួលស្គាល់ថា ខ្លួនឯង​ធ្លាប់បាន​ប្រទះ​ថាសហោះ​ក្នុងអំឡុងពេល​ហ្វឹក​បើកបរ រួមទាំង​ធ្លាប់​ឃើញ​យាន​នេះ​បុកដី​២-៣​គ្រឿង​ទៀតផង ។ ដូចជា​ពេល​រសៀល​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​១៩៦៨ អ្នកបើកបរ​យន្តហោះ​ប្រដេញ​រុស្ស៊ី​លោក អាំង​គ្រី រ៉ា​ក់​ម៉ា​ណូ​ហូ បាន​បើក​យន្តហោះ ម៊ិ​ច​-២៩​ក្នុង​ល្បឿន​៦០០​មៃ​ល៍ ក្នុង​១​ម៉ោង ក៏​ស្រាប់​តែមាន​យាន UFO រាង​បី​ជ្រុង​មួយ​ដេញតាម​ពីក្រោយ ។ ក្រោយពេល​យានអវកាស​អាថ៌កំបាំង​បានដឹងថា អ្នកបើកបរ​យន្តហោះ​ម៊ិ​ច មើលឃើញ​ខ្លួន​ហើយ​នោះ វា​ក៏​បន្ថែម​ល្បឿន​ហោះ​ក្រវែល​ជុំវិញ​យន្តហោះ​ម៊ិ​ច ហាក់ដូចជា​ចង់​បង្អួត​ពី​សមត្ថភាព ។​

​ភ្លាមៗ​នោះដែរ អាកាសយានិក​រុស្ស៊ី បញ្ជា​យន្តហោះ​ឲ្យ​ស្ថិតនៅ​កម្ពស់​មួយ​ស្មើ​យាន UFO ក្នុង​គោលបំណង​បាញ់​កាំជ្រួច​ដាក់ ក៏ប៉ុន្តែ​ហាក់បីដូចជា​យាន​អាថ៌កំបាំង​ដឹង​មុន វា​ក៏​បន្ទាបខ្លួន​ហើយ​បាញ់​មក​មុន​តែម្ដង ។ ១០​នាទី​ក្រោយ​មកវា​ក៏​បញ្ចេញ​ផ្សែង​ពណ៌​ក្រហម​ពីក្រោម​ពោះ ហើយ​ភៀសខ្លួន​ក្នុង​ល្បឿន​មួយ​ដែល​ភ្នែក​មនុស្ស​មើល​មិនទាន់ ។ ហេតុការណ៍​មួយទៀត​ដែល​ត្រូវបាន​គេ​កត់​ត្រាទុក​នៅក្នុង​សំណុំ​ឯកសារ​សម្ងាត់​របស់ កា​.​សេ​.​បេ គឺ​កើតមានឡើង​កាលពី​ថ្ងៃទី​១៥​ខែធ្នូ ឆ្នាំ​១៩៨៧ នៅ​អាកាសយានដ្ឋាន​ពាណិជ្ជកម្ម​មួយ ។​

លោក មី​ណឺ រ៉ា​ល់​ដឺ​រ៍ អតីត​ភ្នាក់ងារ​សម្ងាត់​ដែល​ឈរជើង​នៅ​បរិវេណ​អាកាសយានដ្ឋាន​នោះ​ទទួលបាន​សេចក្ដីរាយការណ៍​ថា មាន​យាន​ចម្លែក​មួយ​ចុះចត​យ៉ាង​ស្ងៀមស្ងាត់​ក្នុង​បរិវេណ​អាកាស​យាន្ត​ដ្ឋា​ន ។ អ្វីដែល​ចម្លែក​មនុស្ស​ជាច្រើន​នាក់​អាច​មើលឃើញ​យាន​នោះ​ដោយ​ភ្នែក​ទទេ ខណៈពេលដែល​វា​មិនអាច​ចាប់យក​រូបភាព​របស់​វា​បាន ។ ៣​នាទី​ក្រោយមក​ខណៈដែល​មនុស្ស​កំ​ពុង​តែ​ផ្អើល​ស្រលាំងកាំង​នោះ យាន​អាថ៌កំបាំង​ក៏​បោះពួយ​ទៅវិញ​បាត់​ដោយ​គ្មាន​ឮ​សម្លេង​ដូច​កាល​ចុះចត ។ ក្រោយមក​អ្នក​ដែល​បានឃើញ​ក៏​សរសេរ​ជា​របាយការណ៍​ថា យាន​អាថ៌កំបាំង​ហោះ​បោះពួយ​ក្នុង​បន្ទាត់​ត្រង់​ឡើង​ពី​ផ្ទៃ​ព្រលាន​គ្មាន​ទាំង​សម្លេង​គ្មាន​ទាំង​ផ្សែង ។​

​ហេតុការណ៍​មួយទៀត កើតមានឡើង​កាលពី​ខែសីហា ឆ្នាំ​១៩៨៧ កង​យោធា និង​ក្រុម កា​.​សេ​.​បេ ទទួលបាន​បញ្ជា​ពី​រដ្ឋាភិបាល​រុស្ស៊ី ឲ្យ​គ្រប់គ្រង​ការពារ​យាន​អាវ​កាស​អាថ៌កំបាំង​មួយ មាន​រាង​ដូច​បំពង់ ឬ​រាងដូចជា​បារី​ស៊ី​ហ្គា បន្ទាប់ពី​យាន​នេះ​បាន​ចុះចត​នៅ​អាកាសយា​ន្ឋា​ន​យោធា ក្នុង​ទីក្រុង លី​នី​ន​ក្រា​ត ។ យាន​មួយ​នេះ​មាន​រាង​ទ្រវែង​ដូចជា​បំពង់ ផ្នែក​ខាងក្រៅ​មាន​ពណ៌​ប្រផេះ ភ្លឺ​រលើបរលោង មិនដឹង​ជា​សាង​ពី​លោហៈ​អ្វី ។ បណ្ដោយ​របស់​វា​មាន​ប្រវែង​១២​ម៉ែត្រ ទទឹង​៣​ម៉ែត្រ និង​មាន​ជើង​ចត​ខ្ពស់​ពី​ដី​ប្រវែង​១២០​ស​.​ម ។​
 
រ​ស្ស៊ី​បាន​បញ្ជូន​ក្រុម​ជំនាញ​ពី​ទីក្រុង​មូ​ស្គូ ដើម្បី​ឲ្យ​ទៅ​បើកទ្វារ​យាន​នោះ មើល​ពី​បច្ចេកវិទ្យា​ជាន់ខ្ពស់​ដែលមាន​នៅ​ខាងក្នុង​តួ​យាន ។ តែ​នៅ​ទីបំផុត​គេ​មិនអាច​បើក​បាន អូសបន្លាយ​ពេល​រហូត​ដល់​ទៅ​១​ខែ បន្ទាប់មក​ថ្ងៃមួយ នៅ​សុខៗ​យាន​អាថ៌កំបាំង​បោះពួយ​ទៅវិញ​បាត់ស្រមោល ៕

អាថ៌កំបាំង​អំពីរឿង ថាសហោះ និង មនុស្ស​ក្រៅភព​​ត្រូវបាន​អតីត​អ្នក​ស៊ើបការណ៍​សម្ងាត់ K.G.B របស់​រុស្ស៊ី​ទម្លាយ​អោយដឹង


Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: