កុំយំចំពោះអ្វីដែលកន្លងហួសបាត់ទៅ តែត្រូវញញឹម​នូវអ្វីដែលបានកើតឡើង Don't cry because it's over, smile because it happened

Don't cry because it's over, smile because it happened

“ចូរកុំយំព្រោះវាបានកន្លងហួសទៅហើយ តែត្រូវញញឹមព្រោះវាបានកើតឡើង”

“Don't cry because it's over, smile because it happened.”

ភាគច្រើននៃមនុស្សតែងតែជាប់ជំពាក់ក្នុងសមុទ្រនៃសេចក្តីសោកស្តាយ ចំពោះអ្វីដែលបានបាត់បង់ ឬអ្វីដែលបានកន្លងហួសទៅ។ ការដែលយើងនៅបន្តសោកសៅ គឺប្រៀបដូចជាការបន្ថែមទម្ងន់ដល់ជីវិតដោយខ្លួនឯង ព្រោះវាបន្សល់ទុកត្រឹមតែ វិប្បដិសារី ក្តៅក្រហាយ និងការស្តាយក្រោយដែលគ្មានទីបញ្ចប់។ ទោះជាយើងព្យាយាមយំប៉ុនណា ក៏ពេលវេលាមិនអាចវិលត្រឡប់មកវិញដើម្បីកែប្រែអ្វីបានសូម្បីតែបន្តិច។

ផ្ទុយទៅវិញ ការញញឹមទទួលយកការពិត គឺជាសញ្ញានៃភាពចាស់ទុំខាងផ្លូវចិត្ត។ ការញញឹមនៅទីនេះ មិនមែនមានន័យថាយើងមិនឈឺចាប់នោះទេ ប៉ុន្តែវាមានន័យថាយើង "ដឹងគុណ" ចំពោះបទពិសោធន៍ដែលបានកើតឡើង ទោះបីជាវាជាការឈឺចាប់ក៏ដោយ។ ព្រោះរាល់ការបែកបាក់ និងការខកបំណង គឺជាវត្ថុធាតុផ្សំដ៏វិសេសវិសាលក្នុងការលត់ដំទឹកចិត្តមនុស្សឱ្យកាន់តែរឹងមាំ។ បើគ្មានថ្ងៃដែលបរាជ័យ ក៏គ្មានថ្ងៃដែលយើងយល់ច្បាស់ពីតម្លៃនៃភាព ជោគជ័យ ដែរ។

ជីវិតគឺដូចជាសៀវភៅមួយក្បាល ដែលត្រូវតែបន្តបើកទៅទំព័រថ្មីជានិច្ច។ ការបាត់បង់អ្វីមួយនៅថ្ងៃនេះ គឺគ្រាន់តែជាការបើកផ្លូវឱ្យអ្វីដែលថ្មី និងប្រសើរជាងមុនចូលមកក្នុងជីវិតរបស់យើងនៅថ្ងៃស្អែកតែប៉ុណ្ណោះ។ ចូររៀនអរគុណដល់អតីតកាលដែលបានបង្រៀនយើងឱ្យស្គាល់ខ្លួនឯងកាន់តែច្បាស់ និងរៀនរស់នៅក្នុងបច្ចុប្បន្នកាលដោយក្តីសង្ឃឹម។

ធាតុដើមនៃក្តីទុក្ខ គឺការប្រកាន់ជាប់ ការស្រឡាញ់ហួសហេតុ និងការស្អប់ខ្ពើម។ នៅពេលយើងរៀនលែងដៃពីការប្រកាន់ទាំងនេះ យើងនឹងរកឃើញភាពស្ងប់សុខដែលកើតចេញពីស្នាមញញឹមពិតប្រាកដ។

ការចាកចេញរបស់មនុស្សម្នាក់ មិនមែនជាការបញ្ចប់នៃពិភពលោករបស់យើងនោះទេ តែវាគឺជាការបញ្ចប់នៃ "វគ្គមួយ" នៅក្នុងសៀវភៅជីវិតរបស់យើង ដើម្បីបើកផ្លូវឱ្យយើងបានជួបនឹងវគ្គថ្មីដែលល្អជាងមុន។ បើទោះបីជាថ្ងៃនេះគេទៅរៀបការជាមួយអ្នកផ្សេង ក៏មិនមែនមានន័យថាស្នេហារបស់យើងគ្មានតម្លៃដែរ តែវាមានន័យថា "ភារកិច្ច" របស់គេនៅក្នុងជីវិតយើងត្រូវបានបញ្ចប់ហើយ។

ចូររក្សាទុកស្នាមញញឹមជានិមិត្តរូបនៃសន្តិភាពក្នុងចិត្ត។ យើងញញឹមមិនមែនដើម្បីបញ្ឈឺគេទេ តែយើងញញឹមដើម្បីប្រាប់ខ្លួនឯងថា "យើងរឹងមាំគ្រប់គ្រាន់នឹងរស់នៅដោយមានក្ដីសុខ ទោះបីជាគ្មានគេក៏ដោយ"។

Post a Comment