មានមូលហេតុច្រើនយ៉ាងដែលធ្វើឲ្យធនធានបញ្ញាញាណរបស់ខ្មែរបែកខ្ញែកនិងចូលគ្នាមិនចុះ៖
មូលហេតុទី១៖ ដោយសារពណ៌សម្បុរនយោបាយ។ បញ្ញវន្តដែលស្ថិតក្នុងនិន្នាការនយោបាយខុសគ្នាមានទស្សនៈផ្ទុយគ្នា ស្រឡះអំពីការអភិវឌ្ឍប្រទេសបើទោះជាពួកគេទទួលបានការអប់រំពីប្រភព តែមួយក៏ដោយ។ ពួកគេវាយប្រហាររិះគន់គ្នាដោយឈរលើទិដ្ឋភាពនយោបាយជាងទិដ្ឋភាព បច្ចេកទេស។ នៅពេលដែលប្រយោជន៍នយោបាយដឹកមុខ ចំណេះជំនាញរបស់បញ្ញវន្តទាំងនោះត្រូវបែកខ្ញែកគ្នាដោយចៀសមិនផុត។
មូលហេតុទី២៖ ការប្រកាន់បក្ខពួកនិយមនិងផលប្រយោជន៍។ អ្នកចេះដឹងពិតប្រាកដដែលចេញពីប្រភពគ្រួសារអ្នកក្រីក្រ មិនសូវមានសំណាងដូចកូនអ្នកធំឬអ្នកមានសែស្រឡាយបក្ខពួកនោះឡើយ។ យ៉ាងហោចណាស់ ពួកគេត្រូវចេះសម្របខ្លួនយ៉ាងល្អទៅនឹងអ្នកនយោបាយពីព្រោះអ្នកចេះ ដែលមិនចង់ពាក់ព័ន្ធនឹងនយោបាយនឹងមិនឡើងទៅកាន់តួនាទីសំខាន់បានឡើយ។ ផ្ទុយទៅវិញ អ្នកមិនចេះតែតាំងខ្លួនជាអ្នកចេះច្រើនតែមានសំណាងជាងឲ្យតែពួកគេ ពូកែសម្តែងតាមអ្នកនយោបាយ។ អ្នកចេះដឹងខ្លះទៀត ដោយសារតែផលប្រយោជន៍ក៏សុខចិត្តបំភ្លេចឧត្តមគតិចោលហើយបិទមាត់ស ម្ញំសុខយករួចខ្លួន។
មូលហេតុទី៣៖ គឺអំនួត។ អាចចាត់ទុកជាអកុសលមួយក៏ថាបានដែរដោយសារតែអ្នកចេះមួយចំនួនច្រើនតែ ចូលគ្នាមិនចុះដោយសារតែពួកគេមានអំនួតរៀងៗខ្លួន។ និយាយតាមបែបផ្សេង អ្នកចេះដឹងដែលគេចាត់ទុកជាអ្នកប្រាជ្ញ ឬបណ្ឌិតខ្មែរមួយចំនួនមិនអាចអង្គុយនិយាយគ្នាបានទេដោយម្នាក់ៗច្រើនតែ សម្អាងថាខ្លួនឯងចេះគ្មានអ្នកណាប្រៀបហើយក៏ប្រកាន់ជំហររឹងកំព្រឹស ដោយមិនខ្ចីស្តាប់ហេតុផលអ្នកដទៃ។ ទីបំផុត ពួកគេក៏បែរខ្នងដាក់គ្នាហើយធ្វើការតាមគំនិតរបស់ខ្លួនរៀងៗខ្លួន។
ការបែកបាក់ចូលគ្នាមិនចុះដូចបានលើកឡើងខាងដើមគឺជាឧបសគ្គធំធេងបន្ថែម លើកង្វះធនធានមនុស្សដែលប្រទេសជាតិកំពុងជួបប្រទះ។ នេះជាជំនុចខ្សោយដែលធ្វើឲ្យសង្គមមួយនេះបន្តស្ថិតក្នុងសភាព ក្រីក្រនិងពឹងលើជំនួយបរទេសយ៉ាងខ្លាំងនៅឡើយ។ ដូច្នេះ ជាដំណោះស្រាយ ឧបគ្គទាំងអម្បាលម៉ាណនេះគួរតែត្រូវបានលើកចេញជាចាំបាច់។
ដើម្បីឲ្យខ្មែរខ្លាំងនិងមានទឹកមាត់ប្រៃនៅលើឆាកអន្តរជាតិ ខ្មែរគួរតែចេះប្រមូលផ្តុំធនធានបញ្ញាណាណដែលខ្លួនមានដើម្បី អភិវឌ្ឍន៍ប្រទេសរបស់ខ្លួន។ អ្នកចេះអ្វីជួយធ្វើកិច្ចការនោះតាមជំនាញ។ អ្នកចេះច្រើនបូកផ្សំជាមួយអ្នកចេះតិចដោយមិនមើលបំណាំគ្នានឹង ក្លាយជាសក្តានុពលដ៏ធំមួយបាន។ ការផ្តាច់អ្នកជំនាញឲ្យចេញពីអ្នកនយោបាយគឺជារឿងសំខាន់មួយទៀតសម្រាប់ កម្ពុជាពោលគឺទោះជាអ្នកនយោបាយឈ្លោះគ្នា ឬផ្លាស់ប្តូរ ក៏អ្នកជំនាញនៅតែអាចបន្តធ្វើការតាមជំនាញរបស់ខ្លួនដដែល។
គេនៅចាំបានថា នៅមុនពេលសោយទិវង្គត សម្តេចឳ នរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ ទ្រង់បានផ្តាំឲ្យខ្មែរសាមគ្គីគ្នាដើម្បីក្លាយជាអ្នកខ្លាំង។ ទោះបីជាយឺតពេលបន្តិច តែក៏នៅមិនទាន់ហួសពេលដែរប្រសិនបើខ្មែរចង់ឲ្យប្រទេសរបស់ខ្លួន ខ្លាំងមែននោះ ពោលគឺខ្លាំងឲ្យគេកោតស្ញប់ស្ញែងលើឆាកអន្តរជាតិ តែមិនមែនខ្លាំងតែឈ្លោះគ្នាឯងរួចហើយស្រែករកអន្តរាគមន៍ឲ្យបរទេស ជួយដោះស្រាយនោះឡើយ៕
សម្រង់បទវិភាគរបស់ ប៉ែន បូណា
Post A Comment: