១. ឈរនៅផ្សារក្តាម  ទឹកភ្នែករហាម  សម្លឹងកោះត្រល់  គយគន់មិនណាយ នឹកស្តាយខ្វាយខ្វល់ ស្តាយ​ស្ទើរដាច់ខ្យល់ ​កោះត្រល់គេរខ្មែរ។

២. ទល់មុខក្រុងកែប កោះត្រល់នៅអែប បូកគោមាសស្នេហ៍ និយាយលែងត្រូវ ឥឡូវប្រួលប្រែ ពេលនេះអ្នកថែ មិនមែនខ្មែរឡើយ។

៣. មើលពីផ្សារក្តាម ក្នុងចិត្តដិតដាម គ្មានកោះគ្មានត្រើយ រស់ដូចជាស្លាប់ ចុកចាប់ឥតស្បើយ កោះត្រល់បាត់ហើយ កោះកេរដូនតា។

៤. កោះត្រល់ខាងមុខ ក្រុងកែបកើតទុក្ខ ចុកចាប់រពើតផ្សារ ទល់មុខមែនពិត គ្មានសិទ្ធិត្រួលត្រា ទៅឆ្ងាយហើយណា ឆ្ងាយពីភ្នំពេញ។

៥. សម្លឹងមើលកោះ បេះដូងក្រៀមក្រោះ ដួងចិត្តទោម្នេញ កោះស្រស់អស្ចារ្យ ទឹកថ្លារលេញ ឃ្លាតគ្មានវិលវិញ ឃ្លាតឆ្ងាយហើយបា។

៦​. សម្លឹងមើលកោះ ដួងចិត្តហើរហោះ ចេញពីកាយា ចិត្តជ្រួលច្របល់ កោះត្រល់ឯកា ឥឡូវខ្លោចផ្សា ក្លាយជាកោះគេ។

៧. សម្លឹងកោះត្រល់ ចិត្តនៅងឿងឆ្លង អ្នកវិលវិញទេ ក្នុងចិត្តវេញខ្មាញ់ ស្រឡាញ់និងទ្វេ រសៀលជ្រាលជ្រេ ជ្រុលជ្រុបចិត្តា។

៨. សម្លឹងកោះត្រល់ រសាប់រសល់ ស្ទើរបែកឪរ៉ា កោះធ្លាប់កេរខ្មែរ ប្រួលប្រែហើយណា នឹងខ្មាសដូនតា ឈឺផ្សាកន្លង។

៩. ទោះប៉ុន្មានឆ្នាំ កូនខ្មែរត្រូវចាំ ចំណាំត្រាប់ត្រង​ ប្រាប់ផល់ញាតិផៅ កូនចៅភូមិផង កោះត្រល់ច្បាស់ច្បង ពីមុនកេរខ្មែរ។

កំណាព្យបទកាកគតិ៖ (មិនស្គាល់អ្នកសរសេរ)

Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: