សហរដ្ឋ​អាមេរិក​នៅ​តែ​ចង់​ឲ្យ​កម្ពុជា​ដោះស្រាយ​ទំនាស់​រឿង​បោះឆ្នោត

សុខ ខេមរា
វ៉ាស៊ីនតោន៖ ក្រសួងការ​បរទេស​សរអា​ នៅតែ​ទទូច​ដល់​ភាគី​នយោបាយ​កម្ពុជា​ឲ្យបន្ត​ពិភាក្សា​គ្នា ​ដើម្បី​ដោះស្រាយ​បញ្ហា​ទំនាស់​រឿង​បោះឆ្នោត​ទោះបីជា​សភានិង​រដ្ឋាភិបាល​ថ្មី​មួយ​បាន​កើត​ឡើង​ហើយក្តី ដើម្បី​ផលប្រយោជន៍​កម្ពុជា។

ក្រសួងការ​បរទេស​សរអា​ជំរុញ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស សង្គ្រោះ​ជាតិ​ឲ្យ​បន្ត​ធ្វើការ​រួមគ្នា​ដើម្បី​ដោះស្រាយ​ការខ្វែង​គំនិត​នានា​ដើម្បី​បំរើ ផល​ប្រយោជន៍​ដ៏ឧត្តុង​ឧត្តម​របស់​ពលរដ្ឋ​កម្ពុជា​និង​ធ្វើ​ឲ្យ​រដ្ឋសភា​មានការ ជឿជាក់​បាន។​ នេះ​ជា​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោកស្រី​ ជែន សាគី អ្នកនាំពាក្យ​ក្រសួងការ​បរទេស​សរអា។

«យើង​ជឿថា​រដ្ឋសភា​ប្រជាធិបតេយ្យ​និងជឿជាក់​បានមួយ​ ត្រូវតែ​ឆ្លុះបញ្ចាំង ពីឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ ដោយ​មាន​ការចូលរួម​ប្រកប​ដោយ​អត្តន័យ​ពីគណ បក្ស​នយោបាយ​ទាំងពីរ»។

សមាជិក​សភា​៥៥រូប​មកពី​គណបក្ស​ជំទាស់​របស់​លោក​សម រង្ស៉ីនិង​លោក​កឹម សុខា ​មិន​ចូលរួម​ប្រជុំ​សភា​ថ្ងៃដំបូងទេ​កាល​ពីថ្ងៃច័ន្ទ​និង​ថ្ងៃអង្គារ​ដើម្បី​ផ្តល់ សុពល​ភាព​សភាថ្មី​និង​រដ្ឋាភិបាល​ថ្មីមួយ។​ តែពហិការ​របស់​ក្រុមជំទាស់​ត្រូវ ក្រុម​អ្នក​វិភាគ​និងអ្នក​ច្បាប់ខ្លះ​អះអាង​ថាធ្វើ​ឲ្យ​សភា​នេះ​ក្លាយជា​សភា​មិនអាច មាន​ការ​ទទួល​ស្គាល់​ទូលំ​ទូលាយ​ទាំងជាតិ​និង​អន្តរជាតិ​ផង​និង​ជា​សភា​មិនអាច​តំណាង​ឲ្យ​ប្រជាជាតិ​កម្ពុជា​ទាំងមូល​ផង។


តែ​សមាជិក​សភា​គណបក្ស​ជំទាស់ អាច​ចូល​ស្បថ​បន្តបន្ទាប់​ដើម្បី​បំពេញ​គតិយុត្តិ​ដល់សភា​ឲ្យបាន​ពេញ​លេញ​បើ មានការ​សម្រប​សម្រួល​ឬ​ការ​ចរចា​ផ្នែក​នយោបាយ​ត្រូវគ្នា​នៅថ្ងៃ​ខាងមុខ។

ថ្លែង​ទៅកាន់​ក្រុមអ្នក​យក​ព័ត៌មាន​នៅថ្ងៃនេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​អះអាង​ថា លោកនឹង​បើកទ្វារ​សំរាប់​ការចរចា​ជាមួយ​មេដឹកនាំ​គណបក្ស​ជំទាស់។ ​តែរឿងនេះ​អាចធ្វើ​ទៅបាន​ក្រោយពេល​ដែលពួក​គេ​ស្បថ​ចូលកាន់​ដំណែង​សភា ជា​មុន។

«មុននឹង​និយាយ​អំពីការ​ចរចា​សុំចូល​ស្បថសិន​។ នោះ​ទើប​គ្រប់​លក្ខខណ្ឌ​ដើម្បី ចរចា​ព្រោះ​ដំណើរ​វាបាន​មកដល់​នេះ​ហើយ»។

លោក​បាន​អះអាងថា​បញ្ហា​ថ្ងៃនេះ​ខុសគ្នា​នឹង​ថ្ងៃមុន។​លោកមិន​បាន​បញ្ជាក់​ថា បញ្ហា​ខុសគ្នា​នោះ​សំដៅ​ទៅលើ​បញ្ហា​អ្វីទេ។​ ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​ហ៊ុន សែន​អះអាងថា​លោក​អាចផ្តល់​ដំណែងខ្លះ​ជាអនុប្រធាន​សភា​និង​ប្រធាន​គណៈកម្មាការ​មួយ​ចំនួន​ប៉ុណ្ណោះ​ប្រសិន​បើក្រុម​ជំទាស់​ស្បថ​ចូល​សភា។ ​សម្បទាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ត្រូវគេ​គិតថា​គឺក្នុង​បំណង​ឲ្យ សភា​របស់​លោក​និង​រដ្ឋាភិបាល​ថ្មីរបស់​លោក​ក្លាយជា​សភា​ស្របច្បាប់​គតិយុត្តិ ត្រឹមត្រូវ។

សហរដ្ឋ​អាមេរិក​និង​សហគមន៍​អឺរ៉ុប​ចេញមុខ​ក្នុងការ​ស្នើសុំ​ឲ្យមាន​ការ​ស៊ើប​អង្កេត លទ្ធផលនៃការ​បោះឆ្នោត​ដែលក្រុម​ជំទាស់​បាន​តវ៉ាថា​មានការ​បន្លំ​ដ៏​ធ្ងន់ធ្ងរ ហើយ​ធ្វើឲ្យ​មាន​ការ​ប្រែប្រួល​លទ្ធផល​បោះឆ្នោត។ ឯកអគ្គរដ្ឋ​ទូត​សរអា​ លោក William Todd ​និង​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ពុំបាន​បង្ហាញការ​គាំទ្រ​សភា​ថ្មី​ទេ​នៅក្នុងការ​ចូលទៅ​ឃ្លាំមើល​កិច្ចប្រជុំ​សភា​ដំបូង​កាលពី​ថ្ងៃទី​២៣ខែ​កញ្ញា​នោះ។ ក្រុមឯក​អគ្គរដ្ឋទូត​ទាំងនោះ​បាន​សម្តែង​មតិ​របស់ពួក​អស់លោក​មួយ​ចំនួន​ជាមួយ​អ្នកសារ​ព័ត៌មាន​ដែល​ពុំមាន​ន័យ​ខ្លឹម​សារ​ជាការ​គាំទ្រ​ដល់​សភា​ថ្មី ដែល​គណបក្ស​ជំទាស់​បាន​ធ្វើ​ពហិការ​នោះ។

តែ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការ​បរទេស​កម្ពុជា​ដែល​វីអូអេ ទទួល​បាន​ថ្ងៃនេះ​បាន​ប្រតិកម្ម​បញ្ជាក់ថា​អត្ថាធិប្បាយ​របស់​ក្រុម​អ្នកការទូត​កាល ពីម្សិល​មិញ​ទោះជា​មិនបាន​បញ្ជាក់ចំ​ឈ្មោះ​និង​ប្រទេស​ក្តីតែ​ចាត់ទុក​ថាជា​ការ មិន​ស្រប​ច្បាប់។ នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា៖

«ពីធីបើក​សម័យ​ប្រជុំ​រដ្ឋសភា​នីតិកាល​ទី៥​ក្រោម​ព្រះរាជ​អធិបតីដ៏ខ្ពង់​ខ្ពស់បំផុត​នៃ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរុមនាថ​នរោត្តម​ស៊ីហមុនី​ ព្រះមហាក្សត្រ នៃព្រះរាជា​ណាចក្រ​កម្ពុជា​ បានប្រារព្វ​ធ្វើឡើង​ស្រប​ទៅតាម​ច្បាប់​រដ្ឋធម្មនុញ្ញ និងច្បាប់​ដែលមាន​ជាធរមាន​នៃព្រះរាជា​ណាចក្រ​កម្ពុជា។​ យើងពុំ​ត្រូវការ​ច្បាប់ ពីប្រទេស​ដ៏ទៃ​មកអនុវត្ត​នោះទេ។ ​ក្រៅពីនេះ​យើងពុំ​ចាំបាច់​ត្រូវការ​ការ​យល់ ព្រមអ្វី​ទាំងអស់​ពីអ្នកការ​ទូតបរទេស​ណាមួយ​ចំពោះ​លទ្ធផល​នៃការ​បោះឆ្នោត ថ្ងៃទី២៨​ខែកក្កដា​ឆ្នាំ២០១៣​និងដំណើរ​ការ​នៃកិច្ចប្រជុំ​រដ្ឋសភា​ទេ»។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ព្រមានដល់​ក្រុមអ្នក​ការទូត​នានា ឲ្យមាន​ការគោរព​ច្បាប់​ អនុសញ្ញា​ក្រុងវីយែន​ និងបំពេញ​កាតព្វកិច្ច​តាមច្បាប់។

ក្រុមអ្នក​វិភាគ​បាន​ព្រួយបារម្ភ​ថា​ពហិការ​មិនចូល​ប្រជុំ​សភា​អាចនាំ​ឲ្យ​កម្ពុជា​គ្មាន កិត្តិយស​ពេញលេញ​លើឆាក​អន្តរជាតិ​និង​គ្មានអ្នក​វិនិយោគ​ទុន​ធំៗ​មក បណ្តាក់​ទុន​ក្រៅពី​ព្រួយ​បារម្ភខ្លាចថា​មានការ​ហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​ផងនោះ៕
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: