"ដើមត្នោត មិនត្រឹមតែជាឈើលម្អទេសភាពវាលស្រែប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា 'ដង្ហើម' និងជា 'សាក្សីរស់' នៃប្រវត្តិសាស្ត្រខ្មែរគ្រប់សម័យកាល។ តាមរយៈកំណាព្យ 'ត្នោតពិការ' របស់លោក អ៊ុក សៅវិបុល យើងឃើញយ៉ាងច្បាស់ពីការឈឺចាប់ដែលបង្កប់ក្នុងជួរកំណាព្យ។ ត្នោតដែលធ្លាប់តែផ្តល់ម្លប់ ផ្តល់ទឹកផ្អែម និងជួយសម្រាលទុក្ខលំបាកអ្នកស្រែ បែរជាត្រូវរងគ្រោះដោយសារសង្រ្គាម និងការកាប់បំផ្លាញដើម្បីលក់ដូរដោះស្រាយក្រពះទៅវិញ។ ការប្រៀបធៀបត្នោតដែលត្រូវគ្រាប់ពិការ ទៅនឹងជីវិតពលរដ្ឋខ្មែរដែលរងគ្រោះដោយសារភ្លើងសង្រ្គាម គឺជាការប្រើប្រាស់អរូបារម្មណ៍ដ៏ជ្រាលជ្រៅបំផុត។ កំណាព្យនេះគឺជាសារដាស់តឿនឱ្យកូនខ្មែរគ្រប់រូប ចេះស្រឡាញ់ និងថែរក្សាមរតកធម្មជាតិដែលជាអត្តសញ្ញាណជាតិឱ្យបានគង់វង្ស ព្រោះបើបាត់ត្នោត ក៏ដូចជាបាត់បង់សាវតារបស់ខេមរាដូចគ្នា។"
ត្នោតពិការ
(បទកាកគតិ)
ដោយ៖ អ៊ុក សៅវិបុល
- ដើមត្នោតស្អេកស្កះ ឥឡូវស្រឡះ រលោះអស់ច្រើន
មិនមានឃើញដុះ ច្រូងច្រុះកើតកើន ឈ្មួញទិញរន្ថើន
ដើរសួរតម្លៃ។
- គ្រានេះខ្មែរក្រ ខ្វះស្រូវអង្ករ គ្មានទ្រព្យក្នុងដៃ
កូនរៀនសាលា ត្រូវការរាល់ថ្ងៃ បុណ្យទានបច្ច័យ
ចងដៃការគេ។
- ឈឺយប់ព្រលប់ ងងឹតមុខជ្រប់ គ្មានលុយមើលទេ
ខ្ចីលុយចងការ ខ្លោចផ្សាកើនទ្វេ ខ្មែរអើយរិះរេ
នឹងរំពឹងអ្វី។
- ដើមត្នោតមួយពីរ កូនគ្មានបាយស៊ី លក់ទិញចំណី
បន្តជីវិត នៅនិត្យលោកិយ ដូចឋានអវិចី
ដូចសត្វតិរច្ឆាន។
- ដីកេរក៏អស់ ខ្មែរស្តាយស្រណោះ មរតកសន្តាន
គេដកដាក់រួម របបសាមាន្យ ឥឡូវត្រូវបាន
ដីប៉ុនបាតដៃ។
- សាលាកូនមាន តែមិនបានរៀន ព្រោះក្រចង្រៃ
ពេលកូនធំឡើង ចចើងព្រៃផ្សៃ មិនដឹងសាបប្រៃ
ដូចស្លាបព្រាវែក។
- ឪខ្មែរអើយខ្មែរ គ្រាំចិត្តឥតល្ហែ គ្មានសិទ្ធិជជែក
គ្មានសិទ្ធិតវ៉ា ទុក្ខាទាមជ្រែក គ្មានអ្នករំលែក
ឱ្យស្បើយពីគ្រោះ។
- ស្តាយណាស់ត្នោតតា ច្រូងច្រាងត្រៀបត្រា ប្រែជារលោះ
រំលើងទាំងគល់ លែងយល់ព្រោះពោះ យូរទៅបាត់ឈ្មោះ
ត្នោតកម្ពុជា។
- គួរអនិច្ចា ត្នោតខ្លះពិការ ត្រូវគ្រាប់គ្រាំគ្រា
ឈរទ្រឹងឈឹងស្ងៀម បៀមទុក្ខពាធា ខ្លាចព្យុះព្យោមា
បំបាត់ឱ្យងាប់។
- ត្នោតបានជួយញាតិ អ្នកស្រែព្រោងព្រាត ក្រីក្រអភ័ព្វ
យកស្លឹកបិទបាំង រាំងប្រក់ជាប់លាប់ គុណត្នោតគួរគាប់
រាប់ថាជួយគ្នា។
- ទឹកត្នោតផ្អែមឈ្ងុយ កើតស្ករកើតលុយ ត្នោតជូស្រាបៀរ
កើតនំចំណី បានឆីគ្រប់គ្រា ពេលនេះមីងមា
នឹងត្រូវបាត់បង់។
- ត្នោតដុះត្នោតដាំ លូតលាស់យូរឆ្នាំ ខ្ពង់ខ្ពស់ត្រចង់
មិនរៀចក្រងក់ ក្រងុកក្រងង់ ដូចខ្មែរស្លូតត្រង់
ប្រាថ្នានិព្វាន។
- សែនស្តាយពេកពិត គួរស្នេហ៍នែបនិត្យ ឈប់លក់ព្រោះឃ្លាន
ឈប់ឈូសរំលើង ត្នោតយើងនៅមាន បើកាប់បំពាន
ត្រូវបាត់សាវតារ។
- សង្រ្គាមចង្រៃ បាញ់ខ្មែរឱ្យក្ស័យ ឱ្យត្នោតពិការ
ត្រូវតែដាំវិញ ឈប់ទិញកាប់អារ ត្នោតតាងខេមរា
តាងទីទឹកដី។
ដកស្រង់ពី៖ កម្ពុជសូរិយា (ទំព័រ ៩០ ឆ្នាំទី ៥៩ លេខ ៤)