ត្នោតពិការ
(បទកាកគតិ)
ដោយ អ៊ុក សៅវិបុល
-ដើមត្នោតស្អេកស្កះ ឥឡូវស្រឡះ រលោះអស់ច្រើន
មិនមានឃើញដុះ ច្រូងច្រុះកើតកើន ឈ្មួញទិញរន្ថើន
ដើរសួរតម្លៃ។
-គ្រានេះខ្មែរក្រ ខ្វះស្រូវអង្ករ គ្មាទ្រព្យក្នុងដៃ
កូនរៀនសាលា ត្រូវការរាល់ថ្ងៃ បុណ្យទានបច្ច័យ
ចងដៃការគេ។
-ឈឺយប់ព្រលប់ ងងឹតមុខជ្រប់ គ្មានលុយមើលទេ
ខ្ចីលុយចងការ ខ្លោចផ្សាកើនទ្វេ ខ្មែរអើយរិះរេ
-ដើមត្នោតមួយពីរ កូនគ្មានបាយស៊ី លក់ទិញចំណី
បន្តជីវិត នៅនិត្យលោកិយ ដូចឋានអវិចី
ដូចសត្វតិរច្ឆាន។
-ដីកេរក៏អស់ ខ្មែរស្តាយស្រណោះ មរតកសន្តាន
គេដកដាក់រួម របបសាមាន្យ ឥឡូវត្រូវបាន
ដីប៉ុនបាតដៃ។
-សាលាកូនមាន តែមិនបានរៀន ព្រោះក្រចង្រៃ
ពេលកូនធំឡើង ចចើងព្រៃផ្សៃ មិនដឹងសាបប្រៃ
ដូចស្លាបព្រាវែក។
-ឪខ្មែរអើយខ្មែរ គ្រាំចិត្តឥតល្ហែ គ្មានសិទ្ធិជជែក
គ្មានសិទ្ធិតវ៉ា ទុក្ខាទាមជ្រែក គ្មានអ្នករំលែក
ឲ្យស្បើយពីគ្រោះ។
-ស្តាយណាស់ត្នោតតា ច្រូងច្រាងត្រៀបត្រា ប្រែជារលោះ
រំលើងទាំងគល់ លែងយល់ព្រោះពោះ យូរទៅបាត់ឈ្មោះ
ត្នោតកម្ពុជា។
-គួរអនិច្ចា ត្នោតខ្លះពិការ ត្រូវគ្រាប់គ្រាំគ្រា
ឈរទ្រឹងឈឹងស្ងៀម បៀមទុក្ខពាធា ខ្លាចព្យុះព្យោមា
បំបាត់ឲ្យងាប់។
-ត្នោតបានជួយញាតិ អ្នកស្រែព្រោងព្រាត ក្រីក្រអភ័ព្វ
យកស្លឹកបិទបាំង រាំងប្រក់ជាប់លាប់ គុណត្នោតគួរគាប់
រាប់ថាជួយគ្នា។
-ទឹកត្នោតផ្អែមឈ្ងុយ កើតស្ករកើតលុយ ត្នោតជូស្រាបៀរ
កើតនំចំណី បានឆីគ្រប់គ្រា ពេលនេះមីងមា
នឹងត្រូវបាត់បង់។
-ត្នោតដុះត្នោតដាំ លូតលាស់យូរឆ្នាំ ខ្ពង់ខ្ពស់ត្រចង់
មិនរៀចក្រងក់ ក្រងុកក្រងង់ ដូចខ្មែរស្លូតត្រង់
ប្រាថ្នានិព្វាន។
-សែនស្តាយពេកពិត គួរស្នេហ៍នែបនិត្យ ឈប់លក់ព្រោះឃ្លាន
ឈប់ឈូសរំលើង ត្នោតយើងនៅមាន បើកាប់បំពាន
ឈប់ឈូសរំលើង ត្នោតយើងនៅមាន បើកាប់បំពាន
ត្រូវបាត់សាវតារ។
-សង្រ្គាមចង្រៃ បាញ់ខ្មែរឲ្យក្ស័យ ឲ្យត្មោតពិការ
ត្រូវតែដាំវិញ ឈប់ទិញកាប់អារ ត្នោតតាងខេមរា
តាងទីទឹកដី។
ដកស្រង់ពីកម្ពុជសូរិយា ទំព័រ៩០ ឆ្នាំទី៥៩ លេខ ៤
Post A Comment: