រឿងអប់រំខ្លី៖ សត្វលាក្នុងអណ្តូង និងការតស៊ូក្នុងជីវិត
នៅថ្ងៃមួយ សត្វលាមួយក្បាលរបស់កសិករម្នាក់បានធ្លាក់ចូលអណ្តូងមួយ។ សត្វលាស្រែករោទ៍យ៉ាងកំសត់អស់ជាច្រើនម៉ោង ខណៈដែលកសិករជាម្ចាស់កំពុងត្រិះរិះរកវិធីសង្គ្រោះ។ នៅទីបំផុត គាត់បានសម្រេចចិត្តថា ដោយសារតែលានេះចាស់ណាស់ទៅហើយ ហើយគាត់ក៏ត្រូវការលុបអណ្តូងនេះចោលផងដែរ ដូច្នេះការសង្គ្រោះវាហាក់ដូចជាមិនចំណេញឡើយ។
គាត់បានបបួលអ្នកជិតខាងមកជួយលុបអណ្តូង។ ពួកគេម្នាក់ៗបានចាប់យកប៉ែល ហើយចាប់ផ្តើមចូកដីបោះចូលទៅក្នុងអណ្តូង។ កាលពីដំបូង សត្វលាស្រែករោទ៍ដោយក្តីរន្ធត់ ប៉ុន្តែបន្តិចក្រោយមក វាក៏ចាប់ផ្តើមស្ងាត់ទៅវិញ ដែលធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ក្រោយចូកដីបានពីរបីប៉ែល កសិករបានអើតមើលទៅក្នុងអណ្តូង ហើយគាត់មានការភ្ញាក់ផ្អើលជាខ្លាំង។ គាត់ឃើញថា រាល់ពេលដែលដីមួយប៉ែលបោះទៅលើវា សត្វលានោះតែងតែរលាស់ខ្លួនជម្រុះដីទៅក្រោម រួចហើយជាន់ឡើងមកលើមួយជំហាន។
នៅពេលអ្នកជិតខាងបន្តចូកដីបោះទៅលើវា សត្វលាក៏បន្តរលាស់ខ្លួនជម្រុះដី ហើយជាន់ឡើងមួយជំហានម្តងៗ រហូតបានមកដល់មាត់អណ្តូង ហើយរត់ចេញទៅដោយក្តីរីករាយបំផុត។
ដំបូន្មានក្នុងរឿងនេះ៖ ជីវិតនឹងបោះដី និងបញ្ហាសព្វបែបយ៉ាងមករកអ្នក។ វិធីដ៏ល្អបំផុតដើម្បីរំដោះខ្លួនពីបាតអណ្តូងនៃបញ្ហា គឺត្រូវរលាស់វាចេញ ហើយឈានឡើងលើមួយជំហានម្តងៗ។ បញ្ហានីមួយៗគឺជាគ្រឿងជំនួយជួយឱ្យយើងឈានទៅមុខ ប្រសិនបើយើងមិនបោះបង់ចោលការតស៊ូ។