កុំវាយតម្លៃមនុស្សតែលើសំបកក្រៅ! មេរៀនដ៏ភ្ញាក់ផ្អើលនៅធនាគារ
ថ្ងៃមួយ មានស្ត្រីវ័យចំណាស់ម្នាក់បានអញ្ជើញទៅដកប្រាក់នៅធនាគារ។
គាត់បានហុចសែកទៅឱ្យបុគ្គលិកផ្នែកសេវាកម្ម រួចនិយាយដោយសំឡេងស្រទន់ថា៖
«ក្មួយស្រី! យាយចង់ដកលុយចំនួន ៣០០ ដុល្លារ»។
បុគ្គលិកធនាគារ (ឆ្លើយតបទាំងឫកពាឈ្លើយ)៖ «ការដកប្រាក់ក្រោម ៥០០ ដុល្លារ សូមអញ្ជើញទៅដកនៅទូ ATM ខាងក្រៅទៅលោកយាយ! លុយត្រឹមតែ ៣០០ ដុល្លារសោះ មិនបាច់មកដកដល់ក្នុងធនាគារនាំតែខាតពេលគេទេ!»
លោកយាយ៖ «ចុះហេតុអ្វីបានជាដកនៅកន្លែងនេះមិនបានក្មួយ?»
បុគ្គលិកធនាគារ (ស្ដីឱ្យទាំងមុខក្រញូវ)៖ «នេះជាច្បាប់របស់ធនាគារ! បើលោកយាយគ្មានកិច្ចការអ្វីផ្សេងទៀតទេ សូមអញ្ជើញចាកចេញទៅ ដើម្បីទុកកន្លែងឱ្យអតិថិជនផ្សេងទៀត!»
លោកយាយនៅស្ងៀមមួយសន្ទុះ រួចក៏តបវិញថា៖ «អូ! បើអញ្ចឹងទេ... ក្មួយស្រីជួយដកលុយទាំងអស់ដែលយាយមានក្នុងកុងឱ្យយាយមក!»
បុគ្គលិកធនាគាររូបនោះបានឆែកមើលគណនីរបស់លោកយាយ ហើយស្រាប់តែតក់ស្លុតយ៉ាងខ្លាំង សឹងតែធ្លាក់ថ្លើម ព្រោះគាត់បានឃើញទឹកប្រាក់រហូតដល់ ១០ លានដុល្លារ ក្នុងគណនីនោះ។
នាងប្រែទឹកមុខភ្លាមៗ រួចនិយាយទាំងញ័រមាត់ថា៖ «អូ! ខ្ញុំ... ខ្ញុំសុំទោសលោកយាយ! ប៉ុន្តែធនាគារយើងឥឡូវនេះ មិនមានសាច់ប្រាក់សុទ្ធច្រើនដល់ថ្នាក់ហ្នឹងសម្រាប់ដកភ្លាមៗឡើយ។ តើលោកយាយអាចធ្វើការណាត់ជួបនៅថ្ងៃស្អែកបានទេចាស?»
លោកយាយ៖ «ចុះឥឡូវនេះ យាយអាចដកបានច្រើនបំផុតត្រឹមប៉ុន្មាន?»
បុគ្គលិកធនាគារ៖ «ចាសលោកយាយ... គឺអាចដកបានខ្ពស់បំផុតត្រឹម
៥,០០០ ដុល្លារប៉ុណ្ណោះ។»
លោកយាយ៖ «អញ្ចឹងដកឱ្យយាយ ៥,០០០ ដុល្លារមក!»
បុគ្គលិកធនាគារម្នាក់នោះ បានប្រញាប់ប្រញាល់រាប់លុយជូនលោកយាយយ៉ាងរហ័សបំផុត និងហុចប្រាក់ជូនលោកយាយដោយប្រើដៃពីរយ៉ាងគួរសមជាទីបំផុត ខុសដាច់ពីឫកពាមុននេះដូចមេឃនិងដី។
លោកយាយទទួលលុយហើយ ក៏ទាញយកលុយចំនួន
៣០០ ដុល្លារ ដាក់ចូលក្នុងកាបូប រួចហុចលុយដែលនៅសល់
៤,៧០០ ដុល្លារ ទៅឱ្យបុគ្គលិកនោះវិញទាំងញញឹម៖
«ឥឡូវ... យាយចង់ដាក់លុយដែលនៅសល់នេះ ចូលទៅក្នុងគណនីវិញ!»
បុគ្គលិកធនាគាររូបនោះ សឹងតែដាច់ផ្ងារនៅនឹងកន្លែង ព្រោះតែភាពឆ្លាតវៃ និងមេរៀនដែលលោកយាយបានផ្ដល់ឱ្យនាង។
"កុំវាយតម្លៃសៀវភៅ ត្រឹមតែគំរបក្រៅរបស់វា!"