អន្ទាក់ដ៏ល្អឥតខ្ចោះ៖ ហេតុអ្វីបានជាការធ្វើការ ៤០ ម៉ោងក្នុងមួយសប្តាហ៍ មិនមែនដើម្បីផលិតភាព?
កាលពីឆ្នាំ ១៩២៦ គេបានរកឃើញ "អន្ទាក់" ដ៏ល្អបំផុតមួយ។ ការធ្វើការ ៤០ ម៉ោងក្នុងមួយសប្តាហ៍ គឺគ្រប់គ្រាន់ដើម្បីឱ្យអ្នករស់ ប៉ុន្តែវាក៏ធ្វើឱ្យអ្នក ហត់នឿយខ្លាំងរហូតដល់គ្មានកម្លាំងនឹងរត់ចេញ។
Henry Ford បានធ្វើការតេស្តកាលវិភាគការងារផ្សេងៗគ្នា ហើយគាត់បានរកឃើញចំណុចពិសេសមួយ គឺ ៤០ ម៉ោង។ គេជ្រើសរើសយកលេខនេះ មិនមែនដោយសារវាផ្ដល់ផលិតភាពខ្ពស់បំផុតនោះទេ ប៉ុន្តែដោយសារវា ងាយស្រួលគ្រប់គ្រងមនុស្សបំផុត។
មកគិតលេខទាំងអស់គ្នា (ក្នុងមួយសប្តាហ៍មាន ១៦៨ ម៉ោង)៖
- ធ្វើការ៖ ៤០ ម៉ោង
- ធ្វើដំណើរ៖ ១០ ម៉ោង
- គេង៖ ៥៦ ម៉ោង
- ញ៉ាំបាយ ងូតទឹក និងតម្រូវការចាំបាច់៖ ១៤ ម៉ោង
សរុប៖ ១២០ ម៉ោង។ អ្នកនៅសល់ពេល ៤៨ ម៉ោងសម្រាប់ខ្លួនឯង។
ប៉ុន្តែបញ្ហានៅត្រង់ថា អ្នកអស់កម្លាំងល្ហិតល្ហៃ។ អ្នកចំណាយពេលថ្ងៃសៅរ៍ដើម្បីសម្រាកយកកម្លាំងឡើងវិញ ហើយចំណាយពេលថ្ងៃអាទិត្យដើម្បីអង្គុយបារម្ភពីរឿងចូលធ្វើការនៅថ្ងៃចន្ទ។ ថ្ងៃសម្រាកចុងសប្តាហ៍របស់អ្នក មិនមែនជាសេរីភាពទេ វាគ្រាន់តែជា "ពេលជួសជុលកម្លាំង" ដើម្បីឱ្យអ្នកអាចត្រឡប់ទៅធ្វើការឱ្យគេម្តងទៀតតែប៉ុណ្ណោះ។
អ្នកចង់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនមែនទេ? "អត់ទេរវល់ច្រើនណាស់"។ ចង់រៀនជំនាញថ្មីទេ? "ទេមិនចង់ទេ"។ ចង់ធ្វើគម្រោងអ្វីដែលខ្លួនស្រឡាញ់? "អត់ទេខ្ចិលណាស់"។ នេះមិនមែនជារឿងចៃដន្យទេ តែគឺជាការដែលត្រូវបានគេឌីហ្សាញ (Design) មកបែបហ្នឹងតែម្តង។
ប្រសិនបើអ្នកសល់កម្លាំង អ្នកប្រាកដជារកផ្លូវដើរចេញ។ ប្រសិនបើអ្នកសល់លុយ អ្នកប្រាកដជាសាងអ្វីមួយជារបស់ខ្លួនឯង។ ប្រសិនបើអ្នកសល់ពេល អ្នកប្រាកដជាចេះរៀបចំជីវិតថ្មី។ ដូច្នេះ គេមិនអាចឱ្យរឿងនោះកើតឡើងបានឡើយ។ គេបង្កើតរូបមន្តមួយដែលឱ្យលុយអ្នកត្រឹមតែអាចរស់ ឱ្យពេលអ្នកត្រឹមតែកុំឱ្យឆ្កួត និងឱ្យកម្លាំងអ្នកត្រឹមតែអាចត្រឡប់មកធ្វើការវិញនៅថ្ងៃស្អែក ប៉ុន្តែមិនដែលឱ្យសល់សម្រាប់រត់ចេញពីអន្ទាក់ឡើយ។
គេប្រាប់អ្នកឱ្យខំធ្វើការ ៤៥ ឆ្នាំ ចាំសម្រាកពេលចូលនិវត្តន៍។ អ្នកដូរវ័យ ២០ ឆ្នាំ, ៣០ ឆ្នាំ, រហូតដល់ ៦០ ឆ្នាំ ដើម្បីប្រាក់ខែ។ ដល់អាយុ ៦៥ ឆ្នាំ អ្នកមានសេរីភាព ប៉ុន្តែរាងកាយអ្នកទ្រុឌទ្រោម កម្លាំងអ្នកអស់រលីង។ អ្នកចំណាយពេលល្អបំផុតក្នុងជីវិត ដើម្បីសាងសុបិនឱ្យអ្នកដទៃ ហើយសេរីភាពរបស់អ្នកមកដល់យឺតពេលរហូតដល់ប្រើការលែងកើត។