» វិធីផលិតថ្នាំពុលពីវត្ថុធាតុដើមធម្មជាតិបណ្ដេញសត្វល្អិតបំផ្លាញដំណាំស្រូវ សត្វទិចដំណាំ ចៃ ឬកណ្តាំ និងដង្កូវដួងបំផ្លាញដើមដំណាំ

* ធាតុផ្សំ៖
- សំបកស្តៅ ១គីឡូ
- មើមល្មៀត ២ខាំ
- មើមខ្ទឹមស ២ខាំ
- ម្ទេសទុំ២ខាំ
- ទឹកនោមសត្វ ៥លីត្រ
- លាមកមេគោស្រស់ ១គីឡូ
- ទឹក ៥លីត្រ។
* វិធីធ្វើ៖
- យើងយកសំបកស្ដៅ ឬមួយស្លឹកស្តៅបុកវាឲ្យម៉ត់ទុកមួយអន្លើ
- បន្ទាប់មកយើងយកខ្ទឹម ល្មៀត ហើយនិងម្ទេស គឺបុកឲ្យម៉ត់
- បុកហើយបានយើងយកសារធាតុទាំងអស់ហ្នឹងមក យកមកដាក់ក្នុងធុង ទើបយកទឹក ៥លីត្រ ទឹកនោមគោ ៥លីត្រ អាចម៍គោ ១គីឡូ យើងយកដល់ដាក់ចូលគ្នាហើយបានយើងកូរៗ បញ្ចូលគ្នាហើយ ទុកបានរយៈពេល ១៥ថ្ងៃ ហ្នឹងគឺប្រើបានហើយ។
* វិធីប្រើទី១
- ប្រើទឹកថ្នាំពុលផ្សំបានបាញ់បណ្ដេញដង្កូវមូរស្លឹកស្រូវ គឺយកទឹកមេថ្នាំ ១លីត្រ លាយទឹកធម្មតា ៣លីត្រ បាញ់បណ្ដេញសត្វល្អិតស៊ីស្រូវ មានដង្កូវស៊ីស្លឹក ដង្កូវមូរស្លឹក ដង្កូវយោលដៃ ដង្កូវយោលទោង ជាដើម។
- សុំបញ្ជាក់ថា ដង្កូវមូរស្លឹកហ្នឹង បើយើងបាញ់ដំណាំស្រូវវិញ គឺយើងត្រូវការយករពាក់ដូចជាបន្លាអីផ្សេងៗ យើងយកមកអូសវាសិន ព្រោះវាមានសំបុកវា វាមូរនៅក្នុងហ្នឹងហើយ កាលណាយើងបាញ់ថ្នាំ វាអត់ចេញ គឺវាអត់ងាប់ទេ។ អ៊ីចឹងគឺយើងត្រូវអូសវាសិន អូសដើម្បីឲ្យវាបែកចេញពីសំបុកវាសិន ហើយបានយើងបាញ់ថ្នាំ។ បើបាញ់ស្រូវហ្នឹង គឺសុំហាមបន្តិច គឺថាធ្វើម៉េចយើងស្លៀកខោវែង ហើយពាក់ម៉ាស់ផង ដោយសារអី? គឺវាអត់ប៉ះពាល់អីទេ ប៉ុន្តែអាពពូកហ្នឹងវាសុទ្ធតែជាតិក្តៅ ដូចជាម្ទេសអីហ្នឹងតែប៉ះភ្លៅអី វារលាក អ៊ីចឹងយើងសុំការពារប៉ុណ្ណឹង។

* វិធីប្រើទី២
ប្រើទឹកថ្នាំពុលធម្មជាតិផលិតបាននេះ បាញ់បណ្តេញសត្វទិចដំណាំ សត្វទិចដំណាំគឺវាធ្វើឲ្យដើមដំណាំ មានពណ៌អុចខ្មៅៗ ដើមស្រូវអន់ ហើយខ្លោចដើម។ វិធីប្រើត្រូវយកទឹកមេថ្នាំ ១លីត្រ លាយទឹកធម្មតា ៣លីត្រ លាយបន្ថែម ស្លឹកក្រូចសើច ២ ទៅ ៣ខាំ បុកឲ្យម៉ត់ ច្រោះកាកចេញ យកទឹកក្រូចសើចទៅលាយជាមួយទឹកល្បាយថ្នាំពុល បាញ់បណ្តេញសត្វទិច គឺសត្វទិចចាញ់ក្លិន វាអត់ទិចដំណាំស្រូវ និងបន្លែមានផ្លែនោះទៀតទេ។ ល្បាយទឹកថ្នាំពុល មានលាយស្លឹកក្រូចសើចនេះ អាចបាញ់សម្លាប់ដួងស៊ីដើមឈើ ដូចជាដង្កូវដួងក្នុងដើមធុរេន ដើមស្វាយ ដើមខ្នុរ គឺបាញ់ទៅដង្កូវដួង វាងាប់ដែរ។
* វិធីប្រើទី៣
ប្រើទឹកថ្នាំពុលបណ្ដេញចៃ ឬកណ្តាំ ឬង៉ម និងទាកគូ។ សត្វល្អិតទាំងនេះវាមានស្រោមការពារខ្លួនវា បើថ្នាំពុលធម្មតាបាញ់សម្លាប់វា គឺមិនងាយមានប្រសិទ្ធភាពទេ។ ដើម្បីឲ្យការបាញ់ថ្នាំបំពុលសត្វទាំងនោះ មានជោគជ័យ យើងយកទឹកថ្នាំពុល១លីត្រ លាយទឹកធម្មតា ៣លីត្រ លាយសាប៊ូម្សៅ ១ស្លាបព្រាបាយ។ កូរចូលគ្នាឲ្យសព្វ យកទៅបាញ់សត្វនោះ នៅពេលមេឃមិនមានកម្ដៅថ្ងៃទើបទឹកល្បាយមានប្រសិទ្ធភាពលើសត្វល្អិតយាយីដំណាំ ១អាទិត្យនេះគឺបាញ់ឲ្យបាន ២ ទៅ ៣ដង។

អត្ថបទ វិទ្យុអាស៊ីសេរី
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: