លោកប៊ុនហៀង បួស៊ីឌែង នាយក MMARP បានឱ្យដឹងថា ក្រុមការងារបានជីកប្រទះឃើញវត្ថុបុរាណជាច្រើនប្រភេទរួមមានទាំងកោដ្ឋធ្វើពីដីដុតសំរាប់រក្សាទុកឆ្អឹងមនុស្សដែលវត្ថុទាំងនោះបានបញ្ជាក់ថា ប្រទេសឡាវជាប្រភពអរិយធម៌តាំងពីបរមបុរាណមក ។ តាមកាសែតឡាវបានផ្សាយដោយយោងលើសំដីរបស់លោកប៊ុនហៀង
ថា “យើងនៅមានប្រទះឃើញឧបករណ៍ប្រើប្រាស់ធ្វើពីថ្មដែលអ្នកបុរាណប្រើសំរាប់ដុតភ្លើង កាំបិត រួមទាំងឆ្នាំងចំអិនអាហារដែលបែកបាក់ សំបកខ្យង កំទេចកំទីអាហារដែលទុកចោល និងរូបសំណាកព្រះពុទ្ធរូបផង
ដែរ” ។
លោកស្រីចយ វ៉ាយ (Joyee White) អ្នកស្រាវជ្រាវគំរោងការខាងលើបានថ្លែងថា នៅមិនទាន់មានការកំណត់ពេលវេលាដែលវត្ថុប្រើប្រាស់ទាំងនោះត្រូវបានផលិតឡើងឡើយ ។ វត្ថុបុរាណទាំងឡាយដែលប្រទះឃើញនឹងបញ្ជូនយកទៅវិភាគនៅសហរដ្ឋអាមេរិក នៅមុនពេលយកមកដាក់តាំងបង្ហាញនៅក្នុងប្រទេសឡាវ ។
កាសែត “វៀងច័ន្ទថែម” បានចុះផ្សាយរឿងរ៉ាវខាងលើដោយយោងតាមសំដីរបស់លោកស្រីចយវ៉ាយថា វត្ថុដែលក្រុមអ្នកជីកកកាយដីបានប្រទះឃើញនោះ គឺជាគំរូដំបូងនៃការបញ្ចុះសពមនុស្សក្នុងយុគសម័យលោហៈជាយុគសម័យដែលមនុស្សចេះប្រើលោហៈធ្វើជាឧបករណ៍ប្រើប្រាស់ និងអាវុធ។ បំណែកឆ្អឹងមនុស្សដែលប្រទះឃើញ រួមមានលលាដ៍ក្បាល ឆ្អឹងស្មងជើង និងដៃដោយសន្និដ្ឋានថា អាចមានអាយុជាង ២.០០០ឆ្នាំមុន ដែលអាស៊ីអាគ្នេយ៍ស្ថិតក្នុងយុគសម័យលោហៈ ។ ការប្រទះឃើញនេះស្ថិតក្នុងគំរោងការបុរាណវិទ្យាក្នុងតំបន់ទន្លេ មេគង្គប៉ែកកណ្ដាលដែលជាកិច្ចសហប្រតិបត្ដិការរួមរវាងស្ថាប័នកេរមតកពិភពលោកនៃប្រទេសឡាវ និងសារមន្ទីរនៃមហាវិទ្យាល័យផេនស៊ីលវ៉ានីញ៉ា សហរដ្ឋអាមេរិក ។
លោកស្រីចយវ៉ាយបានបញ្ជាក់ទៀតថា ការស្រាវជ្រាវល្អាងខាងលើចាប់ផ្ដើមឡើងតាំងពីខែមីនា ឆ្នាំ២០០៩ ដោយមានការសន្និដ្ឋានថា នឹងមានបំណែកសំណល់ស្ថិតក្នុងយុគសម័យបុរេប្រវត្ដិ ។ លោកស្រីចយវ៉ាយ បានបញ្ជាក់ថា “ខ្ញុំគិតថា តំបន់ដែលយើងស្រាវជ្រាវរកឃើញមានអាយុប្រហែល ២.០០០ឆ្នាំមុន ជាតំបន់ស្ថិតក្នុងដែនដីអាស៊ី អាគ្នេយ៍នៃយុគសម័យលោហៈ និងបានប្រទះឃើញលក្ខណៈប្រពៃណីនៃការបញ្ចុះសពខុសប្លែកពីអំឡុងពេលនៃយុគសម័យបុរេប្រវត្ដិផងដែរ” ។
នេះចាត់ទុកថា ជាលើកដំបូងដែលក្រុមអ្នកជីកស្រាវជ្រាវប្រទះឃើញនូវភស្ដុតាង ដែលអ្នកជំនាញនិយាយថា ជា “ការបញ្ចុះសពលើកទី២ (Secondary Burial) ជារូបភាពនៃវិធីសាស្ដ្របញ្ចុះសពរបស់មនុស្សសម័យបុរេប្រវត្ដិ ។ ការស្រាវជ្រាវឃើញលើកនេះ បានបង្ហាញរូបភាពនៃការបញ្ចុះសពដោយយកក្បាល និងផ្នែកផ្សេងៗនៃរាង កាយបញ្ចូលទៅក្នុងក្រឡឬកោដ្ឋ រួចកប់ទៅក្នុងដី ។ តាមប្រភពពីកាសែតខាងលើបានផ្សាយទៀតថា នៅមុនពេលយកបំណែករាងកាយទៅដាក់ក្នុងក្រឡមានន័យថា រាងកាយរបស់អ្នកស្លាប់ត្រូវបានពន្លះយកសាច់ចេញ ឬជួនកាលក្រោយពីស្លាប់ផ្នែកផ្សេងៗនៃរាងកាយត្រូវបានប្រមែប្រមូលទុកមុននឹងដាក់បញ្ចូលទៅក្នុងក្រឡ ឬកោដ្ឋ និងកប់ទៅក្នុងដី” ៕
Post A Comment: