ជីវិតពិតជាងសំណង់៖ តម្លៃញើសឈាមដែលត្រូវបានគេរំលោភបំពាន និងការជិះជាន់

ជីវិតពិតជាងសំណង់៖ តម្លៃញើសឈាមដែលត្រូវបានគេរំលោភបំពាន និងការជិះជាន់
បទពិសោធន៍ជីវិតជាងសំណង់

ជីវិតពិត៖ ម្ចាស់ផ្ទះមួយចំនួនមានសារជាតិអាក្រក់ជាងសត្វធាតុ

"បទពិសោធន៍ដ៏ជូរចត់ និងភាពអយុត្តិធម៌របស់ជាងសំណង់"

រឿងរ៉ាងរវាងម្ចាស់ផ្ទះ និងជាងសំណង់នេះបានកើតឡើងជារឿយៗនៅក្នុងសង្គមខ្មែរ។ ចំពោះរូបខ្ញុំផ្ទាល់ជាមេការជាងរងបន្ទាប់ពីបងថ្លៃខ្ញុំ ក៏ធ្លាប់បានទទួលបទពិសោធន៍ដ៏ជូរចត់ពីម្ចាស់ផ្ទះ ដែលមិនបើកប្រាក់ថ្លៃឈ្នួលឱ្យចំនួន បីលើក ឬខ្លះទៀតបើកឱ្យដែរ តែមហាសែនលំបាក ស្ទើរតែលុតជង្គុងសូមអង្វរ ដើម្បីកូនជាង និងកម្មករក៏មាន។

រឿងមួយក្នុងចំណោមរឿងអាក្រក់ទាំងបីនោះគឺបានកើតឡើងកាលពីចុងឆ្នាំ ២០១៥ ខ្ញុំនិងបងថ្លៃបានម៉ៅការជួសជុលវិឡាឱ្យឯកឧត្តមម្នាក់នៅម្តុំទួលគោក។ ការងារធ្វើដូចធម្មតានៅពេលចាប់ផ្តើម លុះធ្វើរួចរាល់អស់ ម្ចាស់ផ្ទះដែលជាឯកឧត្តមនោះ មិនបានបើកលុយឱ្យយើងអស់នោះទេ គឺនៅជំពាក់ ៣៧០០ ដុល្លារជាងទៀត។

រាល់ពេលកន្លងមក ការបើកលុយគឺលំបាកជាងឡើងភ្នំហេមពាន្តទៅទៀត ដោយមានពេលខ្លះម្ចាស់ផ្ទះបើកឱ្យ ១០០ ដុល្លារ ខ្លះ ៥០ ដុល្លារក៏មាន។ យើងដឹងហើយថា ថ្លៃពលកម្មជួលកម្មករ គឺគ្នាសុទ្ធតែជាអ្នកអត់ក្រីក្រ ចាកចោលស្រុកកំណើតមកធ្វើការដើម្បីលុយផ្ញើទៅអ្នកផ្ទះ។

"គេចាប់" - គឺជាសារចុងក្រោយដែលបងថ្លៃខ្ញុំផ្ញើមក មុនពេលត្រូវបានអង្គរក្សម្ចាស់ផ្ទះចាប់ឃាត់ខ្លួនញាត់ចូលឡានដឹកទៅប៉េអឹមក្រុង ដោយចោទពីបទ "លួចគោះទ្វារផ្ទះ"។

មកទល់នឹងពេលនេះជាង ៣ ឆ្នាំហើយ លុយក៏អត់ ភស្តុតាងដែលចោទប្រកាន់ក៏មិនឃើញ។ រឿងនេះប្រហែលជាស្ងាត់ត្រឹមហ្នឹង។ លុយក៏អត់ ថែមទាំងហ្វ្រីសម្លុតគំរាមកំហែងមួយទៀត។ ក្នុងចិត្តខ្ញុំ រឿងផ្លូវច្បាប់ទាល់តែធ្លាប់ឆ្លងកាត់ទើបដឹងថា រដ្ឋ ឬអាជ្ញាធរ មិនមែនជាទីពឹងដែលឱ្យប្រជាជនទន់ខ្សោយជ្រកកោនបានឡើយ បើយើងគ្មានលុយ "ញាត់មាត់" អស់លោកទាំងនោះ។

"សង្គមនេះគ្មានយុត្តិធម៌ទេចំពោះអ្នកទន់ខ្សោយ។ ដរាបណាយើងទន់ខ្សោយ ហើយអវិជ្ជាទៀតនោះ ការជិះជាន់គៀបសង្កត់នឹងកើតមាន។ មានតែយើងខ្លាំងទេ ទើបគ្មាននរណាម្នាក់ហ៊ានមើលងាយ និងជិះជាន់យើងបាន។"

Post a Comment