ក្នុងពេល​ដែល​ស្ត្រី​មានគភ៌ ​នាង​ត្រូវឆ្លង​កាត់​ពេល​វេលា​មានផ្ទៃពោះ ​ជា​ពេល​ដែល​នាង​មាន​ក្តីសុខ​​ខ្លាំង​បំផុត​ ព្រោះវា​ជាដំណាក់​កាល​សំខាន់​បំផុត​ដែល​បាន​ក្លាយ​ជាអ្នក​ម្តាយ។

ការមានផ្ទៃពោះជាដំណាក់កាល​ដ៏ស្រស់​ស្អាត​បំផុត​នៅក្នុង​ជីវិតនាង ​ហើយក៏​ជាឱកាស​មួយ​ដែល​អ្នកត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​បំផុត​ ចំពោះ​សុខភាព​ផ្លូវកាយ ​និងផ្លូវចិត្ត។

ដើម្បីមើលថែសុខភាពផ្លូវកាយ​របស់អ្នក​ឱ្យបានល្អ អ្នកត្រូវ​ឧស្សាហ៍​ទៅជួប​នឹង​វេជ្ជ​បណ្ឌិត ​ដើម្បី​ផ្លាស់ប្តូរ​របប​អាហារខ្លះ​ផងដែរ។

ម្យ៉ាងវិញទៀត ដើម្បីរក្សារាងឱ្យ​បានស្អាត វេជ្ជបណ្ឌិត​របស់អ្នក​នឹងណែនាំ​ឱ្យអ្នក​ធ្វើលំហាត់​ប្រាណ​ងាយៗ​ ហើយ​ក្នុង​ចំណោម​លំហាត់​ប្រាណ​ទាំងនោះ​គឺ ការដើរ។

ការដើរមួយៗធម្មតានៅក្បែរឧទ្យាន​របស់អ្នក​អាចជួយ​ពង្រឹង​ដល់​ការគេង ​និងកាត់​បន្ថយ​ភាព​តានតឹង​របស់អ្នក។

ការដើរជាលំហាត់ប្រាណងាយស្រួល។ វាជាលំហាត់​ប្រាណ​បែប​កំសាន្ត ​ហើយវា​មិនត្រូវ​ការ​គម្រោង​ចាំបាច់​ ឬឧបករណ៍​អ្វីឡើយ។ ​ស្បែកជើង​មួយ​សម្រាប់​ជាអ្វី​ដែលអ្នក​នឹងត្រូវការ ​ដើម្បី​ត្រៀម​ខ្លួន​ក្នុងការ​ដើរ។

ដើម្បី​ឱ្យកាន់​តែដឹង​ច្បាស់ពី​អត្ថ​ប្រយោជន៍​នៃការ​ដើរក្នុង​ពេលមាន​ ផ្ទៃពោះ ​អ្នកគួរ​អាន​អត្ថបទ​ខាងក្រោម​ដែលបង្ហាញ​ពី​អត្ថប្រយោជន៍​ដ៏ច្រើន បានពី​ការ​ដើរក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ៖

ដឹងអត់? ​ការ​ដើរ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ ​ផ្ដល់​ប្រយោជន៍​ហួស​ស្មាន!

បំបាត់ភាពតានតឹង


ក្នុងពេលមានផ្ទៃពោះ ស្ត្រីគ្រប់រូបតែងតែ​មាន​អារម្មណ៍​រវើរវាយ។ ជួនកាល ​អ្នក​មាន​អារម្មណ៍​សប្បាយ​រីករាយ​ ហើយ​ពេលខ្លះ​ទៀត​ អ្នកមាន​អារម្មណ៍​ធុញថប់។ ​ការដើរ​ក៏ជា​លំហាត់​ប្រាណ​មួយបែប​ដែលអាច​ជួយឱ្យ​រាងកាយ​បញ្ចេញ​អ័រម៉ូន​ អង់ដូភីន។ ​អរម៉ូន​អង់ដូភីន​ ជាសារធាតុ​គីមី​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍ល្អ។ ​ដូច្នេះ ​ការដើរ​ជាឱសថ​ព្យាបាល​ភាព​តានតឹង​របស់អ្នក។ ​ប្រាកដថា ​ត្រូវដើរឱ្យតែ​ពេលណា​អ្នកមាន​អារម្មណ៍​តប់​ប្រមល់។

ព្យាបាលជម្ងឺទល់លាមក


អត្ថប្រយោជន៍ផ្សេងមួយទៀតគឺ វាអាច​ជួយ​ព្យាបាល​ជម្ងឺទល់​លាមក។ ​ប្រសិនបើ​អ្នក​នៅតែ​ធ្វើឱ្យ​រាងកាយ​សកម្ម​ បើទោះបី​ជាក្នុង​ពេល​មាន​ផ្ទៃពោះ​ក៏ដោយ ​វាក៏នឹង​ជួយ​សម្រួល​ដល់​ពោះវៀន​ផងដែរ។ ​ការដើរ​រយៈពេល​ពី ១៥-​២០ នាទី​ជារៀង​រាល់ថ្ងៃ​ អាចជួយ​សម្អាត​ពោះ​វៀន​របស់អ្នក​បាន​ថែម​ទៀតផង។

ការពារពីភាពអស់កម្លាំង


ក្នុងពេលមានផ្ទៃពោះ ស្ត្រីភាគច្រើនឧស្សាហ៍​ហត់នឿយ និង​ខ្សោយ​ក្នុងត្រីមាស​ដំបូង ​ហើយ​នឹងកើត​បែបនេះ​ម្តងទៀត​នៅ​ត្រីមាស​ទី ៣។ ​ការ​សម្រាក​ឲ្យបាន​ច្រើន​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ​ ពិតជា​ប្រសើរ ​តែទោះ​បីជា​យ៉ាងណា ​ការសម្រាក​ច្រើនខ្លាំង​ពេក​អាចធ្វើឱ្យ​មាន​ផល​អវិជ្ជមាន​នូវអ្វីផ្ទុយ​ពីការគិត​របស់អ្នក។ ​ការ​សម្រាក​ច្រើន​ខ្លាំងពេក​អាចធ្វើ​ឱ្យអ្នក​កាន់តែ​​អស់កម្លាំង។ ​ការដើរ​លំហែ​អាចជួយ​ប្រឆាំង​នឹងភាព​អស់​កម្លាំង ​ហើយ​ជួយ​បង្កើន​កម្រិត​ថាមពល​ឡើងវិញ។

កាត់បន្ថយសម្ពាធឈាមរបស់អ្នក


តាមធម្មតា សម្ពាធឈាមរបស់អ្នក​កើន​ឡើង​ក្នុង​ពេល​មាន​ផ្ទៃពោះ។ ​តែទោះបី​ជាយ៉ាង​ណា ​កម្រិត​សម្ពាធ​ឈាម​ខ្ពស់ខ្លាំង​អាចធ្វើ​ឱ្យកើត​ជំងឺ​ព្រាយ​ក្រឡាភ្លើង។ ​ការដើរ​ជារៀង​រាល់ថ្ងៃ​អាចជួយ​រក្សាកម្រិត​សម្ពាធ​ឈាម​របស់អ្នក។

ជួយពង្រឹងដល់ការមានផ្ទៃពោះធម្មតា


ការដើរអាចជួយពង្រឹងដល់ភាពបត់បែន​របស់​អ្នក ​ហើយក៏​ធ្វើឱ្យ​សាច់ដុំ​ត្រគាក​រឹងមាំ ​ដែល​អាច​ជួយឱ្យ​សម្រាល​កូនបាន​ងាយស្រួល, ​រហ័សរហួន ​និងគ្មាន​ការឈឺចាប់។

ជួយឱ្យគេងលក់ស្រួល


ការដើរលំហែរយៈពេល ៣០នាទីក្នុង ១ថ្ងៃអាច​ជួយឱ្យ​អ្នកគេង​លក់​បាន​ស្រួល​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ។

ជួយរក្សាទម្ងន់របស់អ្នក


ការដើរអាចជួយរក្សាទម្ងន់របស់អ្នក ហើយក៏អាច​ជួយ​គ្រប់គ្រង​ទម្ង​ន់ទារក​របស់អ្នក​ក្នុងផ្ទៃ​ដោយ​ស្វ័យ​ប្រវត្តិ​ផងដែរ។ ​ទម្ងន់ទារក​ច្រើន​ខ្លាំងពេក​ អាច​បណ្តាល​ឱ្យពិបាក​ក្នុងការ​សម្រាល​តាម​បែប​ធម្មជាតិ។ ​ដូច្នេះ ​ការដើរ​អាច​ជួយរក្សា​ទម្ងន់​របស់​ទារក​ក្នុង​ពេល​សម្រាល៕

ប្រែសម្រួលដោយ៖ ដារ៉ា
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: