វិធីនៃការគិតដ៏ត្រឹមត្រូវមួយនៃការចាប់ផ្តើមពីខ្លួនឯង នោះគឺការជឿជាក់លើខ្លួន
ជឿលើសមត្ថភាពដែលខ្លួនមាន ភាគច្រើននៃមនុស្សជោគជ័យគឺការចាប់ផ្ដើមពីខ្លួនឯង
ពីអំណាចនៃខាងក្នុងដែលបានជំរុញឱ្យចេញមកខាងក្រៅ
ដើម្បីជំនះនូវឧបសគ្គដែលមានមករារាំងក្នុងប្រព្រឹត្តឆ្ពោះទៅកាន់គោលដៅរបស់អ្នក។
ការជឿជាក់លើខ្លួនឯង Believe in Yourself
មានមនុស្សជាច្រើនដែលខ្ញុំបានជួបនិងបានជជែកគ្នាពីបទពិសោធន៍នៃការបរាជ័យក្នុងការសម្ភាសន៍ការងារគឺការខ្វះភាពទុកចិត្តលើខ្លួនឯង។
ជាឧទាហរណ៍មិត្តម្នាក់របស់ខ្ញុំឈ្មោះ កញ្ញា សំណាង គាត់សិក្សាជំនាញធនាគារ
និងហិរញ្ញវត្ថុ ហើយគាត់មានបទពិសោធន៍ធ្វើការជិតប្រាំឆ្នាំ
ជាអ្នកបញ្ចូលទិន្នន័យ ជាគ្រូបង្រៀន និងជា Receptionist ផងដែរ។
ថ្ងៃមួយគាត់បានទៅសម្ភាសន៍ការងារក្នុងមុខតំណែងជាអ្នកជំនួយការគណនេយ្យ
ក្នុងក្រុមហ៊ុនមួយក្នុងក្រុងភ្នំពេញ។
អ្នកសម្ភាសន៍នោះបានសួរថា៖ “សំណាង បានរៀនជំនាញធនាគារ
និងហិរញ្ញវត្ថុហើយពេលនេះសំណាងត្រូវមកកាន់តំណែងជាជំនួយគណនេយ្យ
តើប៉ុន្មានភាគរយដែលសំណាងអាចមានទំនុកចិត្តថាអាចនឹងធ្វើបាន?” សំណាងបានឆ្លើយថា៖
“ខ្ញុំអាចធ្វើបានយ៉ាងហោចណាស់ ៤០% ដែរ តែបើខ្ញុំបានការហ្វឹកហាត់បន្ថែមទៀត
ខ្ញុំនឹងសង្ឃឹមថានឹងអាចធ្វើបានច្រើនជាងនេះ”។ ក្នុងចម្លើយរបស់សំណាង
គឺស្ថិតក្នុងការពិចារណារបស់អ្នកសម្ភាសន៍ថា ៤០% ដែលសំណាងបានឆ្លើយនោះ
និងភាពពិតជាក់ស្តែងដែលសំណាងមាន តើសំណាងអាចធ្វើបាន ឬក៏មិនអាច
ឬក៏ត្រូវចំណាយពេលច្រើនដើម្បីហ្វឹកហាត់សំណាង។
តែចម្លើយខ្លីមួយទៀតគឺថា៖ បើសិនជាមានអ្នកផ្សេងគេមានសមត្ថភាព
និងភាគរយច្រើនជាងនេះ និងក៏មិនចំណាយពេលច្រើនដើម្បីហ្វឹកហាត់ច្រើនផងនោះ
តើគេជ្រើសយកសំណាងទៀតឬយ៉ាងណា?
នេះជាហេតុផលមួយដែលសំណាងបានជជែកជាមួយខ្ញុំពីបទពិសោធន៍ក្នុងការធ្លាក់ការសម្ភាសន៍
ហើយក្នុងពេលនោះខ្ញុំបានសួរទៅសំណាងទៀតថា៖ ក្នុងខណៈពេលដែលសំណាងបានឆ្លើយថា ៤០%
នោះតើក្នុងចិត្តរបស់សំណាងយល់យ៉ាងណា? សំណាងនិយាយដោយមិនច្បាស់ក្នុងខ្លួនឯងថា
“ក្នុងចិត្តខ្ញុំ ដូចជាខ្វះជំនឿថាខ្លួនឯង ថានឹងអាចធ្វើការងារនេះបានល្អឬអត់”។
ម្យ៉ាងវិញទៀតការឆ្លើយដោយមិនច្បាស់ក្នុងចិត្តរបស់ខ្លួនឯង
“តើអាចនឹងបង្ហាញដោយទឹកមុខដែរឬទេ?” ប្រាកដណាស់ថានឹងបង្ហាញ
ព្រោះសភាវៈខាងក្នុងបញ្ជាក់ថាមិនច្បាស់នោះ
ទឹកមុខក៏នឹងបង្ហាញមកភ្លាមពីភាពស្ទាក់ស្ទើរក្នុងការអនុវត្តតំណែងនេះ
បើអ្នកមិនច្បាស់ក្នុងចិត្តថាមិនអាចធ្វើការនេះបានផង
ចុះអ្នកដទៃគេអាចនឹងជួលយើងឱ្យកាន់តំណែងនេះដូចម្តេចទៅ។ កញ្ញា សំណាង
បានបន្តទៀតថា ខ្ញុំមិនជឿជាក់លើខ្លួនសោះ
ខ្ញុំគ្មានទំនុកចិត្តលើសមត្ថភាពខ្លួនឯង ហើយឆ្លើយឱ្យតែហើយៗទៅ
តែចុងក្រោយខ្ញុំខូចចិត្ត និងអន់ចិត្តចំពោះខ្លួនឯង។
តើធ្វើយ៉ាងណាដើម្បីព្យាបាលជំងឺមិនជឿលើខ្លួនឯងនេះ?
ដំបូងរឿងសំខាន់មួយដែលអ្នកត្រូវតែធ្វើនោះគឺ
“រកឱ្យឃើញនូវហេតុផលថាហេតុអ្វីបានជាអ្នកមានអារម្មណ៍ខ្វះទំនុកចិត្ត
ខ្វះការជឿជាក់”
(To discover why you have these feeling of no power)។ ដែលតម្រូវឱ្យអ្នកវិភាគ និងចំណាយពេលគិតចំពោះខ្លួនឯង
យើងត្រូវតែស្ថិតនៅជិតកៀកនឹងជំងឺនេះឱ្យដូចជាគ្រូពេទ្យពិនិត្យអ្នកជំងឺ
ថានឹងមានអ្វីមិនប្រក្រតីក្នុងខ្លួន នៅពេលដែលអ្នករកឃើញនូវមុខសញ្ញានៃជំងឺនោះហើយ
អ្នកក៏នឹងអាចដឹងថា
តើត្រូវប្រើថ្នាំអ្វីដើម្បីបំបាត់ការមិនទុកចិត្តចំពោះខ្លួនឯងនេះ។
រឿងបន្ទាប់មកទៀត ខ្ញុំឱ្យអ្នកនូវរូបមន្តមួយ គឺសូត្រដដែលៗពី ៣ ដងក្នុងមួយថ្ងៃ
មុនពេលចូលគេង ហើយនិងពេលអ្នកក្រោកពីដំណេកនៅរាល់ពេលព្រឹក។
“ខ្ញុំអាចធ្វើបានគ្រប់កិច្ចការងារទាំងអស់” (I can do all things)។
បន្ទាប់មកទៀតអ្នកត្រូវមានការប្រាថ្នានិងមានគោលដៅហើយវិភាគនូវមូលដ្ឋាននៃបញ្ហា។
“ទេវតានឹងជួយអ្នក នៅពេលអ្នកចេះជួយខ្លួនឯងមុនសិន”