ថ្ងៃនេះជាថ្ងៃសីល
សម្អាតចិត្ត៖ លះបង់ចិត្តខឹង ស្អប់ ច្រណែន និងរក្សាចិត្តឲ្យជ្រះថ្លា។

ចម្រើនមេត្តា៖ ផ្សាយមេត្តាធម៌ដល់មនុស្សសត្វជុំវិញខ្លួន។

Sangkran 2026

ព្រះបាទធម្មិកៈ ជាអ្នកណា?

ព្រះបាទធម្មិកៈ ជាអ្នកណា?

យើងបដិសេធមិនបានឡើយសង្គមខ្មែរជាសង្គមមើលងាយសីលធម៌ គុណធម៌ ចរិយធម៌ រវាងគ្នានិងគ្នា ភាពជាក់ស្តែងគឺបានឃើញស្រាប់ហើយ តាំងតែអតីតកាលរហូតមកដល់បច្ចុប្បន្ន សង្គមខ្មែរមិនសូវ គោរពសិទ្ធិគ្នានិងគ្នាទេ និយាយស្តីអសុរោះ ឈ្លោះប្រកែកបែបបាក់គ្នាងាយ ឈានទៅរកការចងគំនុំ គុំកួន រហូតដល់មានការកាប់សម្លាប់គ្នា តាំងតែសង្គមគ្រួសារ រហូតដល់សង្គមជនថ្នាក់អ្នកដឹកនាំរដ្ឋ មិនថាខ្មែរក្នុងប្រទេសឬក្រៅប្រទេសឡើយ រកសាមគ្គីភាពគ្នាមិនសូវបានទេ។

ខ្ញុំមិនដឹងថាអ្នកប្រាជ្ញខ្មែរមួយណាដែលមានគំនិតគិតបានល្អដូច្នេះ ថាប្រទេសខ្មែរនឹងមានភាពរីកចម្រើន ស្ងប់សុខ មានសន្តិភាព និងសុភមង្គលមកដល់សង្គមខ្មែរទាំងមូល នៅពេលដែលមានព្រះបាទធម្មិក ជាអ្នកដឹកនាំរដ្ឋនោះ ព្រះបាទធម្មិកៈ បើយើងគិតតែសំបកក្រៅមើលទៅស្រាលៗថាជាការងប់ងល់គិត ដល់តែអ្នកមានបុញ្ញឫទ្ធានុភាពម្នាក់មកជួយដល់ប្រជាជនខ្មែរឲ្យមានជីវភាពរស់នៅបានល្អថ្កំថ្កើនឡើង តែការពិតមានបង្កប់អត្ថន័យខ្លឹមសារមានប្រយោជន៍យ៉ាងក្រៃលែងសម្រាប់ប្រជាខ្មែរទាំងមូល។

ព្រះបាទធម្មិកៈ មិនមែនសំដៅទៅលើទេវតាណាមួយមានបុញ្ញឫទ្ធានុភាពមកកើតហើយជួយប្រជាខ្មែរ និងមិនមែនសំដៅទៅលើបុគ្គលណាមួយដែលជាស្តេចមានបុញ្ញឫទ្ធានុភាពជួយប្រជាខ្មែរនោះឡើយ!!

អញ្ចឹងសំដៅទៅលើអ្វីទៅ ? ជាដំបូងយើងត្រូវឈ្វេងយល់អំពីអត្ថន័យនៃពាក្យថា “ព្រះបាទធម្មិកៈ” ជាមុនសិន តើប្រយោគសមាសនេះ មានសព្ទនិមួយៗប្រែថាម៉េចខ្លះ?

ដូច្នេះយើងត្រូវធ្វើការញែកពាក្យមកអត្ថាធិប្បាយសិន

ព្រះបាទធម្មិកៈ មកពីពាក្យថា វរ + បាទ+ ធម្មិក =វរបាទធម្មិក ចែកជាវិភត្តិ វរបាទធម្មិកោ វរបាទធម្មិកា ជាដើម គុ.ប្រើជាវិសេសនៈរបស់បុគ្គលណាមួយនិងបុគ្គលជាទូទៅ។ វរ ប្រែថា ដ៏ប្រសើរ ,ល្អប្រសើរ, ខ្ពង់ខ្ពស់,លើសលន់ + បាទ ប្រែថា ជើង,ឫសឈើ, គល់ឈើ, ឫសគល់, អត្រាលុយឬប្រាក់1/4 របស់ មាសកៈ + ធម្មិក ប្រែថា អ្នកប្រកបដោយសភាវៈទ្រទ្រង់ (សត្វលោក) ឬអ្នកប្រកបដោយគុណធម៌

ដូច្នេះ ព្រះបាទធម្មិកៈ ប្រែថា បុគ្គលអ្នកប្រកបដោយគុណធម៌ជាឫសគល់ដ៏ប្រសើរ សម្រាប់ប្រើក្នុងការដឹកនាំខ្លួនឯង ដឹកនាំពិភពលោក ដឹកនាំប្រទេស ដឹកនាំរដ្ឋ ដឹកនាំខេត្ត ដឹកនាំស្រុក ដឹកនាំឃុំ ដឹកនាំភូមិ និងដឹកនាំគ្រូសារ ញ៉ាំងឲ្យត្រូវតាមគន្លងធម៌តាមសាសនានិមួយៗ របស់ខ្លួន គូនិងបញ្ញាផ្លូវលោកដែលបានសិក្សាពីស្ថាប័នផ្សេងៗមកបដិបត្តិ ដើម្បីឲ្យកើតប្រយោជន៍នាំមក នូវភាពរីកចម្រើន ស្ងប់សុខ មានសន្តិភាព និងសុភមង្គលមកដល់សង្គមនិមួយៗរហូតដល់សង្គម ពិភពលោកទាំងមូល។

សម្រាប់ព្រះពុទ្ធសាសនាមានគោលធម៌ដែលជាឫសគល់សម្រាប់ដឹកនាំខ្លួឯងរហូតដល់ដឹកនាំសង្គម លោកទាំងមូល។ ដឹកនាំខ្លួនឯងយ៉ាងម៉េច? ដឹកនាំគ្រូសារយ៉ាងម៉េច? ដឹកនាំប្រទេសយ៉ាងម៉េច?

ដឹកនាំខ្លួនឯង អត្តា ហិ អត្តនោ នាថោ ខ្លួនឯងជាទីពឹងរបស់ខ្លួន ក្នុងការសិក្សាររៀន សូត្រ ក្នុងការប្រព្រឹត្តិអំពើល្អត្រូវនឹងគន្លងធម៌ និងការអភិវឍ្ឍ៍ខ្លួនឲ្យបានជាអ្នកមានប្រយោជន៍ទាំងចំពោះ ខ្លួនឯងនិងអ្នកដទៃឲ្យបានច្រើនបំផុត សេចក្តីសុខនឹងមករកឯង បន្ទាប់មកចូរឲ្យអ្នកដទៃមកពឹងអាស្រ័យខ្លួនបានដែរ។

ដឹកនាំគ្រូសារ ក៏ត្រូវប្រើ ឃរាវាសធម៌ 4 គឺធម៌សំរាប់អ្នកមានគូ ស្រករគ្រប់គ្រងផ្ទះសំបែង

1.សច្ចៈ ត្រូវតែមានសេចក្ដីស្មោះត្រង់ដល់គ្នានិងគ្នាទាំងជាមួយគូស្វាមីភរិយា និងក្នុងការងាររកស៊ី និយាយពិតធ្វើពិត នឹងធ្វើអ្វីៗក៏ឲ្យជាការទុកចិត្តគ្នាជឿជាក់លើគ្នាបាន។

2.ទមៈ មានការសង្កត់ចិត្តឲ្យទន់ភ្លន់មិនប្រើអំពើហិង្សា, បង្គាប់ទប់ខ្លួនឯងឲ្យបាន កែតម្រូវតាមកាលៈ ទេសៈ កែខៃខ្លួនឯងឲ្យកាន់តែល្អប្រសើរឡើងជាស្មើរឿយៗក្នុងសង្គមគ្រួសារ។

3.ខន្តិ មានសេចក្តីអំណត់អត់ធន់ក្នុងភារកិច្ចគ្រប់មុខ ព្យាយាមធ្វើនាទីការងារដោយ ឧស្សហៈរឹងមាំ មិនរាថយ។

4.ចាគៈ មានទឹកចិត្តឈឺឆ្អាល ចែករំលែកជួយឧបត្ថម្ភ បំពេញប្រយោជន៍ដល់គ្រួសារនិងដល់អ្នកដទៃ, លះបង់លោភៈ ទោសៈ មោហៈ ទិដ្ឋិមានៈ និងរួមការងារជាមួយអ្នកដទៃបាន មិនចិត្តចង្អៀតឃើញតែ ប្រយោជន៍ខ្លូន ឬធ្វើតាមតែអំពើចិត្តរបស់ខ្លួនឯងជាដើម។

ដឹកនាំប្រទេស មានគោលធម៌ជាច្រើនដែលមានសម្រាប់ឲ្យអ្នកដឹកនាំរដ្ឋនាំយកម

កប្រើ មានដូចនេះ

ទសពិធរាជធម៌ គឺគុណធម៌សំរាប់ជនថ្នាក់មេដឹកនាំរដ្ឋ 10 យ៉ាង, ចក្កវត្តិវត្តៈ 5 គឺនាទីរបស់ អ្នកដឹកនាំ ដ៏ប្រសើរក្រៃលែង 5 យ៉ាងសង្គហវត្ថុ 4 ធម៌ជាគ្រឿងសង្គ្រោះដល់គ្នានិងងគ្នា 4 យ៉ាង,និងរាជ សង្គហវត្ថុ 4 គោលការសង្គ្រោះឬការឧបត្ថម្ភរាជការនិងប្រជាជនរបស់ជនថ្នាក់មេដឹកនាំ 4 យ៉ាង។ នៅទីនេះ ខ្ញុំលើកយក រាជសង្គហវត្ថុ 4 មកធិប្បាយគោលការសង្គ្រោះឬការឧបត្ថម្ភរាជការនិងប្រជាជនរបស់ ជនថ្នាក់មេដឹកនាំ 4 យ៉ាង គឺៈ

1.សស្សមេធៈ ការឆ្លាតក្នុងការបម្រុងពូជធញ្ញជាតិផ្សេងៗ ការឧបត្ថម្ភប្រយោជន៍និងទ្រាំទ្រ ការងារក្សេត្រកម្មផ្សេងៗ។

2.បុរិសមេធៈ ការឆ្លាតក្នុងការទំនុកបម្រុងរាជការឬរដ្ឋការ ត្រូវដឹងស្គាល់ច្បាស់លាស់ព្រមទាំង ជួយឧបត្ថម្ភដល់ រាជការដែលជាមនុស្សល្អបរិសុទ្ធមានសមត្ថភាពពិត ប្រាកដក្នុងតួនាទីតាម ឋាន្តរស័ក្តិឬហៅថាអ្នកមានបញ្ញាគូនឹងគុណធម៌ (មិនស៊ីជោរតាមពូកអ្នកប្រើពាក្យបញ្ជោរលួងលោម ដើម្បីលាភផល ខនេះអន្តរាយបំផុតសំរាប់មេដឹកនាំត្រចៀកស)។

3.សម្មាបាសៈ ការយល់ដឹងស្គាល់ហ្នឹងការចងសម្ពន្ធភាពរួមចិត្តគំនិត របស់ប្រជាជនដោយការជំជួយ ឧបត្ថម្ភជ្រុំជ្រែងអាជីព ដូចជាឲ្យអ្នកក្រីក្រខ្ចីលុយប្រាក់ទុនទៅសាងខ្លួនក្នុងការប្រកបអាជីពឬការ វិនិយោគ ពាណិជ្ជកម្មដោយមិនគិតការប្រាក់ ឬបើគិតក៏យកការប្រាក់តិចតួច ជាដើម។

4.វាជបេយៈ ឬវាចាបេយ្យៈ ការមានវាចានិយាយដែលជាមនោគតិទាញទឹកចិត្តប្រជាជន ពាក្យពេចន៍ដែលមានសេចក្តីគួរសមជាមេត្រីភាព គឺស្គាល់ការនិយាយប្រាស្រ័យ ពិរោះថ្អែម សុភាពទន់ភ្លន់ ប្រកបដោយហេតុផល មានប្រយោជន៍ ជាផ្លូវនៃសាមគ្គីភាពក្នុងសង្គម ធ្វើអោយ កើតការយល់ចិត្តគំនិតគ្នានិងគ្នាដ៏ប្រសើរ និងការជឿជាក់មានសច្ចៈនិយម ។

ក្រៅពីនេះសម្រាប់ជនថ្នាក់មេដឹកនាំរដ្ឋ ត្រូវមាន កម្ម គឺការធ្វើដែលប្រកបដោយចេតនាល្អ 3 យ៉ាងទៀតគឺកាយកម្មបរិសុទ្ធិ វចីកម្មបរិសុទ្ធិ និងមនោកម្មបរិសុទ្ធិ ។

គុណធម៌អ្នកណាជាអ្នកសរសេរ? យើងមិនបាច់គិតដល់អ្នកសរសេរ តែយើងត្រូវយកមកមើលហើយ ពិចារណារកហេតុនិងផល តើគោលធម៌ទាំងអស់នេះមានគុណសម្បត្តិអ្វីខ្លះ? តើប្រើយ៉ាងម៉េចខ្លះ ដើម្បីឲ្យកើតប្រយោជន៍ដល់សង្គម ? យ៉ាងណាមិញដូចជា ថ្នាំពេទ្យ ដើម្បីព្យាបាលអ្នកជម្ងឺឲ្យបានជា សះស្បើយនោះ វេជ្ជបណ្ឌិតគ្រាន់តែដឹងថាអ្នកជម្ងឺកើតរោគអ្វី? ហើយវេជ្ជបណ្ឌិតក៏មិនបាច់ពិចារណា គិតដល់ថាអ្នកណាជាអ្នករកថ្នាំនេះឃើញទេ!! តែគ្រាន់តែមើលគុណសម្បត្តិរបស់ថ្នាំ តើមានគុណសម្បត្តិអាចកម្ចាត់មេរោគណាបានខ្លះ? តាមដែលយើងបានរៀនមក ហើយត្រូវប្រើយ៉ាងម៉េចខ្លះដើម្បីកម្ចាត់មេរោគនេះ ? នេះហើយជា ព្រះបាទធម្មិកៈ ៕

Post a Comment